(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនអាចដេកលក់ស្រួលឡើយនៅពេលយប់ ខណៈសហគមន៍អន្តរជាតិ កំពុងដាក់ទណ្ឌកម្មស្ទើរជុំទិសប្រឆាំងនឹងទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងការផ្គើនបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងខាងលើរបស់ លោក McMaster ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ MSNBC កាលពីថ្ងៃពុធ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ក៏បានកត់សម្គាល់ដែរថា ការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺអាចនឹងក្លាយការគំរាមកំហែងដ៏ធំ សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ ដោយឡែកឆ្លើយតបទៅនឹងសំណួរ ដែលសួរថា តើលោក គីម ជុងអ៊ុន អាចនឹងដេកលក់ស្រួលដែរ ឬទេ? លោក McMaster បានឆ្លើយថា «ទេ! ខ្ញុំមិនគិតថា គាត់ដេកលក់ស្រួលទេ ពីព្រោះពិភពលោកទំាងមូលកំពុងប្រឆាំងនឹងរូបគាត់, មែនទេ? ណាមួយគាត់ឯកោខ្លាំងណាស់នៅពេលនេះ... លោក គីម បានចាប់ផ្ដើមក្លាយជាមនុស្សឃោឃៅដូចជាជីតា (លោក គីម អ៊ីលស៊ុង) និងឪពុករបស់លោក (លោក គីម ជុងអ៊ីល)។ ក៏ប៉ុន្តែគាត់មានចំណុចខុសគ្នាជាច្រើនពីអ្នកទំាងពីរនេះ នោះគឺគាត់បានសម្លាប់សមាជិកគ្រួសាររបស់ខ្លួនឯង (លោក គីម ជុងណាំ)»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍នោះដែរ លោក H.R. McMaster ក៏បានបញ្ជាក់ដែរថា លោកមិនគិតឡើយថា លោក គីម ជុងអ៊ុន នឹងផ្លាស់ប្ដូរឥរិយាបថបង្ករឿង ត្បិតគ្មាននរណាម្នាក់ ដឹងច្បាស់ពីរបៀបធ្វើការរបស់របបដឹកនាំទីក្រុងព្យុងយ៉ាងនោះទេ៕