(ទ្រីប៉ូលី)៖ អ៊ីតាលីបានបញ្ជូននាវាចម្បាំងមួយគ្រឿង រួមទាំងអ្នកជំនាញខាងផ្លូវទឹកមួយក្រុម ទៅដល់រដ្ឋធានីទ្រីប៉ូលីនៃប្រទេសលីប៊ីហើយ ដើម្បីជួយទប់ស្កាត់បញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
អ្នកនាំពាក្យកងទ័ពជើងទឹកលីប៊ី លោក Ayob Qassem បានថ្លែងថា ការមកដល់នៃនាវានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីប្រយុទ្ធប្រឆាំងក៏ដូចជាទប់ស្កាត់បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងផ្តល់ការបំពាក់បំប៉នដល់កងល្បាតដែនសមុទ្ររបស់លីប៊ី។ ជុំវិញរឿងនេះអ៊ីតាលីបានឲ្យដឹងថា បេសកកម្មនេះ ត្រូវបានធ្វើឡើងទៅតាមសំណើរបស់រដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ដោយសារតែបញ្ហាអស្ថិរភាព និងភាពវឹកវរនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងមួយនេះ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ សុខចិត្តជ្រើសរើសធ្វើការភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ ទៅកាន់ប្រទេសអឺរ៉ុប ក៏ប៉ុន្តែជនអន្តោប្រវេសន៍ជាច្រើននាក់ ជារឿយៗបានលិចលង់នៅពាក់កណ្តាលផ្លូវធ្វើដំណើរ នៅឯសមុទ្រមេឌីទែរ៉ាណេ រហូតដល់មានការដាក់ឈ្មោះទីនោះ «ដែនសមុទ្រមរណៈ»៕