(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខគំាទ្រ រដ្ឋាភិបាលវេណេស៊ុយអេឡាដោយនិយាយថា ការបោះឆ្នោតសភាធម្មនុញ្ញបានប្រព្រឹត្តទៅយ៉ាងរលូន បើទោះជាសហរដ្ឋអាមេរិក អឺរ៉ុប និងរដ្ឋ អាមេរិកឡាទីនមួយចំនួនថ្កោលទោស ការបោះឆ្នោតដ៏ចម្រូងចម្រាសនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទរដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មលើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងបានចាត់ទុកលោកថា ជាមេដឹកនាំផ្ដាច់ការមួយរូប។ ដោយឡែក ក្រៅតែពីសហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ អាហ្សង់ទីន និងប៉េរូ ក៏បានថ្កោលទោសលើការបោះឆ្នោតសភាធម្មនុញ្ញនេះផងដែរ។ តែយ៉ាងណាក៏ដោយ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់លើ វិស័យថាមពលជាមួយវេណេស៊ុយអេឡា រដ្ឋាភិបាលចិនតាមរយៈក្រសួងការបរទេស បែរជាចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងអះអាងថា ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនទៅវិញ។
ក្រសួងការបរទេសចិននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីទំាងអស់អាចនឹងដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា ដើម្បីរក្សាការពារ ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសវេណេស៊ុយអេឡា... ហើយយើងក៏ជឿជាក់ដែរថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងប្រជាជនវេណេស៊ុយអេឡា អាចមានលទ្ធភាពដោះស្រាយ បញ្ហាកិច្ចការផ្ទៃក្នុងដោយខ្លួនឯង»។
គួរបញ្ជាក់ថា ចិន និងវេណេស៊ុយអេឡាមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អូកល្អឺននឹងគ្នា ជាពិសេសពាក់ព័ន្ធនឹងវិស័យថាមពល ហើយទីក្រុងការ៉ាកាស់ និងទីក្រុងម៉ូស្គូ ក៏ជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ផងដែរ៕