(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការកំណត់ជាផ្លូវការថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គឺជាពេលដែលបម្រាមហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងតទៀត ចូលជាធរមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការបរទេសអាមេរិកបានសម្រេចថា ហានិភ័យយ៉ាងធ្ងន់ធ្ងរនៃការចាប់ និងឃុំខ្លួនរយៈពេលយូរ លើពលរដ្ឋអាមេរិកកាលពីពេលកន្លងមក បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់យ៉ាងជាក់ស្តែង ដល់សុវត្ថិភាពរបស់ជនរួមជាតិអាមេរិក ដែលធ្វើដំណើរទៅកាន់ ឬមួយក៏នៅក្នុងប្រទេសកូរ៉េខាងជើង។ ក្រោមបម្រាមហាមឃាត់នេះ រាល់លិខិតឆ្លងដែនសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវអស់សុពលភាពចាប់ពីដើមខែក្រោយតទៅ សម្រាប់ការធ្វើដំណើរមិនថាទៅកាន់, នៅក្នុង, ឬក៏ឆ្លងកាត់កូរ៉េខាងជើងនោះឡើយលុះត្រាតែត្រូវផ្តល់សុពលភាពឡើងវិញជាពិសេស សម្រាប់ការធ្វើដំណើរបែបនេះ។
យ៉ាងណាមិញ ក៏មានការលើកលែងផងដែរ សម្រាប់ការធ្វើដំណើរមនុស្សធម៌ និងសម្រាប់អ្នកកាសែតនៅក្នុងករណីមួយចំនួន។ បម្រាមនេះត្រូវគេរំពឹងថា នឹងមានសុពលភាពរយៈពេលមួយឆ្នាំ លុះត្រាតែវានឹងត្រូវលុបចោលវិញមុនកាលកំណត់ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson។
គួរបញ្ជាក់ថា បម្រាមធ្វើដំណើរនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែកក្កដាកន្លងទៅ ក្រោយមរណភាពនៃនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier ដែលបានដោះលែងមកកាន់ប្រទេសកំណើតវិញ ទាំងក្នុងសភាពសន្លប់មិនដឹងខ្លួន បន្ទាប់ពីត្រូវបានអាជ្ញាធរទីក្រុងព្យុងយ៉ាងឃុំខ្លួន អស់រយៈពេលជាងមួយឆ្នាំ អំឡុងពេលដែលយុវជនរូបនោះ កំពុងស្ថិតក្នុងដំណើរកម្សាន្តនៅប្រទេសកូរ៉េខាងជើង៕