(ម៉ានីល)៖ សមាជិកក្រុមភេរវករ Maute Group ចំនួន៧នាក់បន្ថែមទៀត ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ទ្រង់ទ្រាយតូចមួយជាមួយកងកម្លាំងរដ្ឋាភិបាល បានបណ្តាលឲ្យចំនួនសរុប នៃការស្លាប់របស់ក្រុមភេរវករ នៅក្នុងជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមាន នៅទីក្រុង Marawi ប្រទេសហ្វីលីពីន កើនឡើងដល់៥០២នាក់។ នេះបើយោងតាមប្រភពពីយោធាហ្វីលីពីន ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ។
អ្នកនាំពាក្យយោធា លោកស្រី Jo-ann Petinglay បានឲ្យដឹងថា កិច្ចការនេះបានបង្ហាញឲ្យឃើញថា កងកម្លាំងចូលកាន់តែកៀក ដើម្បីរំដោះទីក្រុងហើយ។
យោធាក្នុងតំបន់ បានប៉ាន់ស្មានថា កងកម្លាំងសត្រូវដែលនៅសល់ឈរជើង ក្នុងទីក្រុង Marawi មានប្រមាណ៥០ ទៅ៧០នាក់ប៉ុណ្ណោះ។ សមាជិកក្រុម Maute Group បានបន្តប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល ដែលកំពុងវាយលុកទៅមុខ ប៉ុន្តែនាពេលនេះ វាមិនមានភាពរឹងមាំ ដូចដែលក្នុងដំណាក់កាលដំបូងនៃជម្លោះ ដែលបានកើតឡើងនៅថ្ងៃទី២៣ ខែឧសភានោះទេ។ លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ដែរថា ចំនួនកងទាហានរដ្ឋាភិបាល ដែលត្រូវបានក្រុមភេរវករសម្លាប់ មានចំនួន១១៤នាក់ ខណៈជនស៊ីវិល មានចំនួន៤៥នាក់ នៅក្នុងជម្លោះនាទីក្រុង Marawi នេះ៕