(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានចុះហត្ថលេខាហើយលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមសេតវិមាន ដកស្រង់ទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ច្បាប់ដាក់ទណ្ឌកម្មថ្មី ត្រូវបានព្រឹទ្ធសភាអនុម័តក្នុងសំឡេងគាំទ្រ៩៨ ទល់នឹង២សំឡេង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងគោលបំណងដាក់ទណ្ឌកម្ម លើទីក្រុងមូស្គូ សម្រាប់ការចោទប្រកាន់ថា បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ បើទោះជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធជាច្រើនដងក៏ដោយ។
ដោយឡែក ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្ស៊កហ្ស៊ី លោក Giorgi Kvirikashvili លោក ម៉ៃ ភែន កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានគូសបញ្ជាក់ដែរថា៖ «ច្បាប់ដាក់ទណ្ឌកម្ម ថ្មីប្រឆាំងនឹងរុស្ស៊ីដែលលោកត្រាំ នឹងចុះហត្ថលេខា គឺជាសារមួយយ៉ាងច្បាស់ផ្ញើជូនសម្ព័ន្ធមិត្តរបស់យើងថា សហរដ្ឋអាមេរិកនឹងធ្វើតាមអ្វីដែលខ្លួនបាននិយាយ»។
គួរបញ្ជាក់ថា ដោយសារទណ្ឌកម្មនេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចបណ្ដេញមន្ត្រីទូតអាមេរិក ប្រចាំរុស្ស៊ីជាង៧៥៥នាក់ ចេញពីប្រទេស ហើយថែមទាំងអះអាងទៀតថា ខ្លួននឹង ចាត់វិធានការសងសឹកឱ្យដូចគ្នាទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើមកលើខ្លួន៕