(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar ត្រូវបាន FC Barcelona អនុញ្ញាតឲ្យចាកចេញពីក្លឹប ក្រោយរូប គេបានប្រាប់មិត្តរួមក្រុមថា ចង់ចាកចេញពីក្លឹបនាពេលអំឡុងហ្វឹកហាត់កាលពីថ្ងៃពុធ ទី២ ខែសីហានេះ ទៅតាមបំណងដែលគេចង់ទៅលេងឲ្យក្លឹបបារាំង Paris Saint-Germain។
កីឡាករវ័យ២៥ឆ្នាំ ជនជាតិប្រេស៊ីល Neymar ត្រូវបានគ្រូបង្វឹកថ្មី Ernesto Valverde ដកឈ្មោះចេញពីបញ្ជីរួចរាល់ ផងដែរ ដើម្បីឲ្យរូបគេមានឱកាសបានទៅចូលរួមលេងឲ្យក្លឹប PSG ក្នុងតម្លៃថ្លៃជាងគេលើលោកគឺជាង ២០០លានដុល្លារ ខណៈក្លឹបយក្សបារាំងត្រៀមចំណាយរួចរាល់ហើយនោះ ហើយការផ្ទេរកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមនេះអាចនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍នេះ នេះបើយោងតាម BBC។
ប្រធានក្រុមជម្រើសជាតិប្រេស៊ីល Neymar បានជិះយន្តហោះមកដល់អេស្ប៉ាញវិញកាលពីថ្ងៃអង្គារ ទី១ ខែសីហាម្សិលមិញ និងបានធ្វើដំណើរទៅហ្វឹកហាត់ថ្ងៃពុធ ទី២នេះ បន្ទាប់បញ្ចប់ប្រកួតលក្ខណៈទេសចរណ៍ Pre-season នៅទឹកដីអាមេរិក និងប្រទេសចិន ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់។
គិតរហូតមកទល់នឹងពេលនេះ Neymar បានលេងឲ្យក្លឹបស្ថិតក្នុងតំបន់ Catalan អស់រយៈពេល ៤ឆ្នាំមកហើយ គឺក្រោយពេលរូបគេបានចាកចេញពីក្លឹប Santos ក្នុងទឹកដីកំណើតកាលពីឆ្នាំ២០១៣ ក្រោមតម្លៃខ្លួន ៤៨.៦លានផោន ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយស៊ុតបញ្ចូលទីបាន ១០៥គ្រាប់ពីការចូលលេងបាន ២៩៩ប្រកួតជួយឲ្យ Barcelona ឈ្នះជើងឯក La Liga បាន២ដង ឈ្នះពាន Copa del Rey បាន៣ដង និងពាន Champions League បានម្តង៕