(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធនេះ បានហៅមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាជា «មនុស្សឆ្កួតនឹងអាវុធនុយក្លេអ៊ែរ» ហើយមិនតែប៉ុណ្ណោះ លោកក៏បានប្រើពាក្យអសុរសដ៏ពេញនិយមរបស់លោក ដាក់លោក គីម ផងដែរ នោះគឺ «កូនមីសំផឹង»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ឌូតឺតេ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងត្រូវរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាលើតំបន់ឧបទ្វីបកូរ៉េ នៅក្នុង ទីក្រុងម៉ានីល។ លោក ឌូតឺតេ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមមន្ត្រីពន្ធដារ បានលើកឡើងដូច្នេះថា៖ «(លោក) គីម ជុងអ៊ុន គឺជាមនុស្សឆ្កួតម្នាក់... គាត់កំពុងនឹងប្រលែងលេងនឹងល្បែង ក្មេងលេងដ៏គ្រោះថ្នាក់។ មើលទៅមុខមាំរបស់គាត់ហាក់ដូចជាជនសប្បុរស...កូនមីសំផឹង!។ បើសិនជាគាត់ប្រព្រឹត្តកំហុសឆ្គង នោះតំបន់អាស៊ីខាងកើតនឹងក្លាយជាដីស្ងួតហួតហែង...ដូច្នេះ ត្រូវតែបញ្ឈប់វាទៅ អាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ឌូតឺតេ រិះគន់ធ្ងន់ៗលើមហិច្ឆតានុយក្លេអ៊ែររបស់ លោក គីម ជុងអ៊ុន ពោលគឺកាលពីខែមេសាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន រូបនេះក៏ធ្លាប់បានហៅថាលោកគីមថាជាមនុស្សឆ្កួតនឹងអាវុធនុយក្លេអ៊ែរ ដែលកំពុងតែរីកចំរើនទៅមុខ៕