(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កែវយឺតអវកាស James Webb របស់ទីភ្នាក់ងារអវកាស NASA បានឆ្លងផុតការធ្វើតេស្តលើកទីមួយ នៃប្រព័ន្ធទាក់ទងរបស់វាយ៉ាងងាយស្រួល មុនពេលវាត្រូវបាញ់បង្ហោះទៅកាន់ ទីអវកាសនាឆ្នាំ២០១៨ ខាងមុខ៕
២៖ កងទ័ពជើងទឹកចិន ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនោះ បានដាក់ដំណើរនាវាផ្គត់ផ្គង់ដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននាសប្តាហ៍នេះ៕
៣៖ ព្រឹទ្ធសភាអាមេរិក បានអនុម័តទទួលស្គាល់ លោក Christopher A. Wray ធ្វើជានាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ហើយ បន្ទាប់ពីមេ FBI ចាស់គឺលោក James Comey ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងកាលពីប៉ុន្មានខែមុន៕
៤៖ បំផុតចិនបានបើកសម្ពោធជាផ្លូវការនូវមូលដ្ឋានយោធាក្រៅប្រទេសដំបូងបង្អស់របស់ខ្លួនហើយ ដែលមានទីតាំងនៅក្នុងប្រទេស Djubouti ភាគខាងកើតទ្វីបអាហ្រ្វិក បន្ទាប់ពីបានបញ្ជូន កងទ័ពរបស់ខ្លួនទៅឲ្យត្រៀមរៀបចំនៅទីនោះ កាលពីខែកក្កដាកន្លងទៅ៕
៥៖ ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ដ៏ល្បី Gallup ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងរបាយការណ៍ដ៏ថ្មីសន្លាងបំផុតរបស់ខ្លួននាថ្ងៃពុធនេះ បានចាត់ វេណេស៊ុយអេឡា ចូលជាប្រទេសដែលគ្មានសុវត្ថិភាពជាងគេបំផុត នៅលើពិភពលោក ដោយសារតែស្ថានការណ៍នយោបាយមិនច្បាស់លាស់ និងភាពវឹកវរឥតឈប់ឈរនៅក្នុងប្រទេស អាមេរិកឡាទីនមួយនេះ៕
៦៖ សហរដ្ឋអាមេរិកកំពុងតែធ្វើការពិចារណា លើការបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿង មកកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីតំឡើងសាច់ដុំសាជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM មួយគ្រាប់ទៀតដោយជោគជ័យ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន៕