(អាមេរិក)៖ ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ដ៏ល្បី Gallup ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងរបាយការណ៍ដ៏ថ្មីសន្លាងបំផុតរបស់ខ្លួននាថ្ងៃពុធនេះ បានចាត់វេណេស៊ុយអេឡា ចូលជាប្រទេសដែលគ្មានសុវត្ថិភាពជាងគេបំផុត នៅលើពិភពលោក ដោយសារតែស្ថានការណ៍នយោបាយមិនច្បាស់លាស់ និងភាពវឹកវរឥតឈប់ឈរ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ Global Law and Order ប្រចាំឆ្នាំ២០១៧ ដែលទើបចេញផ្សាយដោយ Gallup វេណេស៊ុយឡាបានជាប់ឈ្មោះជាប្រទេស ដែលពុំមានសន្តិសុខ និងសុវត្ថិភាពជាងគេបំផុត នៅក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀតទូទាំងពិភពលោក ដោយសារតែវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងបង្កបញ្ហាយ៉ាងខ្លាំង នៅក្នុងប្រទេសនៃតំបន់អាមេរិកខាងត្បូងមួយនេះ។ របាយការណ៍ដដែល បានបន្ថែមទៀតថា តំបន់អាមេរិកខាងត្បូង និងការីបៀននៅតែបន្តជាតំបន់ ដែលពុំមានសុវត្ថិភាពជាងគេដដែល នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិក កាណាដា តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងភាគខាងលិចអ៊ីរ៉ុប គឺជាកន្លែងដែលមានសុវត្ថិភាពខ្ពស់ៗបំផុត ដោយសិង្ហបុរីជាប់ឈ្មោះជាប្រទេស ដែលមានសុវត្ថិភាពជាងគេបង្អស់។
គួរបញ្ជាក់ថា វេណេស៊ុយអេឡា ដែលបានរងគ្រោះយ៉ាងជៅនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយការធ្លាក់ថ្លៃប្រេងនោះ បាននិងកំពុងតែប្រឈមមុខជាមួយការធ្វើបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ ចាប់តាំងតែពីខែមេសាមកម្ល៉េះ។ សកម្មភាពប្រឆាំងតវ៉ាដ៏កក្រើកបែបនេះ ពីដំបូងឡើយបានផ្ទុះឡើងក្នុងន័យជាការឆ្លើយតបចំពោះ ការសម្រេចចិត្តរបស់តុលាការកំពូលវេណេស៊ុយអេឡា ក្នុងការដាក់កំហិតយ៉ាងតឹងរ៉ឹងទៅលើអំណាចនីតិបញ្ញតិរបស់សភា។ ក៏ប៉ុន្តែទោះបីជាក្រោយមក ការសម្រេចចិត្តនេះ ត្រូវបានកែប្រែវិញយ៉ាងណាក្តី ការធ្វើបាតុកម្មដោយហិង្សានៅតែបន្តកើតមានឡើងដដែល ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សមិនតិចជាង ១២០នាក់ឡើយ។
ជាមួយគ្នានេះ កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសអំពីការសម្រេចចិត្តរបស់លោក ក្នុងការបង្កើតសភាធម្មនុញ្ញមួយ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេស។ យ៉ាងណាមិញទង្វើរបស់ លោក ម៉ាឌូរ៉ូ ត្រូវបានបក្សប្រឆាំងចាត់ទុកថា គឺជាការប៉ុនប៉ងប្រមូលផ្តុំ ក៏ដូចជាពង្រឹងអំណាចរបស់ខ្លួន ខណៈការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្មីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក៏ប៉ុន្តែលទ្ធផលដែលចេញមក មិនត្រូវបានទទួលស្គាល់ពីសំណាក់បណ្តាប្រទេសជាច្រើន នៅក្នុងតំបន់នោះឡើយ តែថែមទាំងរងទណ្ឌកម្មពីសហរដ្ឋអាមេរិកថែមទៀត៕