(ការ៉ាកាស់)៖ ប្រជាជនវេណេស៊ុយអេឡាតែ ៣.៧លាននាក់ប៉ុណ្ណោះ បានទៅបោះឆ្នោតជ្រើសរើសសមាជិកសភាធម្មនុញ្ញ តាមការចង់បានរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យ ហើយនេះគឺផ្ទុយពីតួរលេខដែលរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ អះអាងថា មានប្រជាជនរហូតដល់ ៨.១លាននាក់ឯណោះបានបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ការបោះឆ្នោតសភាធម្មនុញ្ញ ត្រូវបានក្រុមគណបក្សប្រឆាំងថ្កោលទោសថា ជាស្ថាប័នខុសច្បាប់ ដែលមានចេតនាផ្ដល់អំណាចដល់ លោក ម៉ាឌូរ៉ូ ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ និងរំលាយសភា គ្រប់គ្រងដោយគណបក្សប្រឆាំង។ ក៏ប៉ុន្តែជាការឆ្លើយតបរដ្ឋាភិបាលអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្ម តាមរយៈការបង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យពលរដ្ឋអាមេរិកធ្វើពាណិជ្ជកម្ម ជាមួយ លោក ម៉ាឌូរ៉ូ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានចាត់ទុកប្រធានាធិបតីអស់ប្រជាប្រិយភាពរូបនេះថា ជាមេដឹកនាំផ្ដាច់ការផងដែរ។
បន្ថែមពីនេះពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើទិន្នន័យដែលខ្លួនទទួលបានបានបញ្ជាក់ថា ក្នុងចំណោមការិយាល័យទំាងអស់ចំនួន ១៤,៥១៥មណ្ឌល មានប្រជាជនត្រឹមតែ ៣,៧២០,៤៦៥នាក់ ប៉ុណ្ណោះបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ គិតត្រឹមម៉ោង ៥៖៣០នាទីរសៀល បើទោះជាការិយាល័យខ្លះត្រូវពន្យាពេលបិទទ្វារដល់ម៉ោង ៧៖០០នាទីយប់ក៏ដោយ។ ចំណែកឯរដ្ឋាភិបាលរបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏មិនបានឆ្លើយតបទៅនឹងសំណើ ឬសំណួរទាក់ទិននឹងទន្និន័យបោះឆ្នោតនេះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារអនុប្រធានសភាគ្រប់គ្រងដោយគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Freddy Guevara បានអំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡាចូលរួមធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីជំទាស់នឹងការបោះឆ្នោតសភាធម្មនុញ្ញ ខណៈមនុស្សច្រើនជាង ១២០នាក់ បានបាត់បង់ជីវិតនៅក្នុងមហាបាតុកម្ម អស់រយៈពេលជាង ០៤ខែ មកនេះ៕