(ការ៉ាកាស់)៖ គណបក្សប្រឆាំងវេណេស៊ុយអេឡា នឹងប្រមូលផ្ដុំអ្នកគំាទ្ររបស់ខ្លួនធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ (ម៉ោងនៅក្នុងតំបន់) ដើម្បីជំទាស់នឹងការបោះឆ្នោតសភាធម្មនុញ្ញ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមសម្តីអនុប្រធានសភាដឹកនាំដោយបក្សប្រឆាំង លោក Freddy Guevara ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
កាលពីដំបូងឡើយ គណបក្សប្រឆាំងមានគំរោងធ្វើបាតុកម្មតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃពុធនេះ ប៉ុន្តែវាត្រូវបានពន្យាពេលវិញ ចំពេលមេដឹកនាំបក្សប្រឆាំងពីររូបគឺ លោក Leopoldo López និងលោក Antonio Ledezma ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកទំាងពីរធ្វើការប្រកូកប្រកាស ឲ្យក្រុមប្រឆាំងរបស់ខ្លួនចេញមកដង្ហែតាមដងផ្លូវតវ៉ា ប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភាធម្មនុញ្ញថ្មី។ យ៉ាងណាក៏ដោយ លោក Freddy Guevara បានអំពាវនាវជាថ្មីនៅលើ Twitter យ៉ាងដូច្នេះថា «បាតុកម្មតវ៉ាប្រឆាំងនឹង ការក្លែងបន្លំនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាថ្ងៃដែលមេដឹកនាំផ្ដាច់ការ គ្រោងនឹងតែងតាំងសភាធម្មនុញ្ញក្លែងបន្លំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បានរៀបចំការបោះឆ្នោតដោយគ្មានបក្សប្រឆាំង ជ្រើសតាំងសមាជិកសភាធម្មនុញ្ញថ្មី ដែលមាន អំណាចលើសលុបរហូតដល់អាចរំលោយសភាបក្សប្រឆាំងចោល និងតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ។ ប៉ុន្តែគណបក្សប្រឆាំង បានថ្កោលទោសយ៉ាងខ្លាំងនឹងការបោះឆ្នោតនេះ រីឯសហរដ្ឋអាមេរិក បានចាប់ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹង លោក ម៉ាឌូរ៉ូ ដោយថែមទំាងចាត់ទុករូបលោកថា ជាមេដឹកនាំផ្ដាច់ការ ខណៈមនុស្សច្រើនជាង ១២០នាក់ បានបាត់បង់ជីវិតនៅក្នុងមហាបាតុកម្ម អស់រយៈពេលជាង ០៤ខែមកនេះ៕