(សេអ៊ូល)៖ សហរដ្ឋអាមេរិកកំពុងតែធ្វើការពិចារណា លើការបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿង មកកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីតំឡើងសាច់ដុំសាជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM មួយគ្រាប់ទៀតដោយជោគជ័យ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ប្រភពមិនបញ្ចេញអត្តសញ្ញាណមួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងថា យោធាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងតែគិតគូឡើងការចល័តនាវាចម្បាំងទាំងពីរគ្រឿងខាងលើ មកកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីចូលរូមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំមានឈ្មោះថា Ulchi Freedom Guarding (UFG)។ យោងតាមប្រភពដដែល កាលបរិច្ឆេទនៃការចល័តនេះ នឹងត្រូវធ្វើឡើង នៅមុនពេលដែលសមយុទ្ធយោធា UFG ប្រព្រឹត្តចាប់ផ្តើមនៅថ្ងៃទី២១ ខែសីហា។
ប្រភពព័ត៌មានខាងលើបានសង្ក់ធ្ងន់ថា នាវាដឹកយន្តហោះចម្បាំងទាំងពីរគ្រឿង ដែលនឹងត្រូវបញ្ជូនមកកាន់ឧបទ្វីបកូរ៉េ ទំនងជាក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និង USS Ronald Reagan ដែលត្រូវបានចល័តមកកាន់ផ្ទៃទឹកក្បែរតំបន់នេះម្តងរួចមកហើយ កាលពីចុងខែឧសភាកន្លងទៅ។ ក្រៅនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកប៉ុន្មានគ្រឿងទៀត ក៏អាចនឹងត្រូវបញ្ជូនមកជាមួយគ្នា នាសប្តាហ៍ទីបីនៃខែសីហានេះផងដែរ មុនពេលដែលសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើម។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ICBM ចំនួនមួយគ្រាប់ ដែលរត់បានចម្ងាយប្រមាណ ១,០០០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ដល់ទៅជាង ៣,៧០០គីឡូម៉ែត្រ ឯណោះ។ មីស៊ីល ICBM គឺជា Version ដ៏ទំនើបជាងមុននៃមីស៊ីល Hwasong-14 ដែលធ្វើដំណើរបានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងឡើងដល់កម្ពស់ ២,៨០២គីឡូម៉ែត្រ ក្នុងការធ្វើតេស្តកាលពីថ្ងៃទី០៤ ខែកក្កដា៕