(ការ៉ាកាស់)៖ ស្ថានការណ៍ជាទូទៅនៅក្នុងប្រទេសវេណេស៊ុយអេឡា កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខ្លាំងដដែល ខណៈដែលការបោះឆ្នោតសភាធម្មនុញ្ញថ្មី ដែលត្រូវបានរៀបចំឡើងដោយប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើឲ្យមានការរិះគន់ ព្រមទាំងដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក ប៉ុន្តែពេលនេះកងកម្លាំងយោធារបស់ប្រទេសអេឡាទីនមួយនេះ បូករួមនិងគណរដ្ឋមន្ត្រីទាំងមូលបានចេញសេចក្តីថ្លែងការណ៍ គាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ យ៉ាងពេញទំហឹងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៧។
ការប្រកាសរបស់យោធា និងគណរដ្ឋមន្ត្រីវេណេស៊ុយអេឡាខាងលើនេះ គឺបានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មមកលើ លោក ម៉ាឌូរ៉ូ និងមន្ត្រីសំខាន់ៗមួយចំនួនទៀតរបស់លោក ដែលបានរួមផ្សំគំនិត បង្កើតឲ្យមានការបោះឆ្នោតសភាពធម្មនុញ្ញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលអាមេរិក និងបណ្តាប្រទេសអាមេរិកឡាទីនមួយចំនួនបានចោទប្រកាន់ថា ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយនេះ កំពុងតែដើរទៅរកផ្លូវនៃរបបផ្តាច់ការពេញទំហឹងហើយ តាមរយៈការកែប្រែច្បាប់ដើម្បីប្រមូលផ្តុំ និងពង្រឹងអំណាចខ្លួនឯង។
នៅក្នុងសេចក្តីថ្លែងការណ៍គាំទ្រ លោក ម៉ាឌូរ៉ូ ខាងលើនេះត្រូវបានធ្វើឡើងដោយ លោក Vladimir Padrino Lopez រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា ដោយបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កងកម្លាំងការពារជាតិ នៃប្រទេសវេណេស៊ុយអេឡា គាំទ្រពេញទំហឹង និងឥតលក្ខខណ្ឌ ចំពោះលោក ម៉ាឌូរ៉ូ និងប្តេជ្ញាការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ»។ គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ គឺមេដឹកនាំទី០៤ហើយ ដែលស្ថិតនៅក្នុងបញ្ជីខ្មៅ នៃមេដឹកនាំផ្តាច់ការរបស់អាមេរិក ដោយក្នុងនោះមានដូចជា មេដឹកនាំស៊ីរី លោក បាស្សា អាល់ អាស្សាដ, កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងហ្ស៊ីមបាបវេ លោក Robert Mugabe៕