(ប៉េកាំង)៖ កងទ័ពជើងទឹកចិន ដែលកំពុងមានការីកចម្រើនយ៉ាងឆាប់រហ័សនោះ បានដាក់ដំណើរនាវាផ្គត់ផ្គង់ដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន South China Morning Post គេបានកត់សម្គាល់ឃើញនាវាយក្សខាងលើ នៅក្នុងទីក្រុង Zhanjiang ដែលមានបំពាក់លេខអត្តសញ្ញាណ លេខសម្គាល់ ៩៦៥ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាភស្តុតាងបង្ហាញថា វាត្រូវបានដាក់ឲ្យដំណើរការហើយ ខណៈនាវាមួយគ្រឿងនេះមានទំហំធំជាងទ្វេដង បើធៀបនឹងនាវាផ្គត់ផ្គង់ជំនាន់មុន។ នាវាផ្គត់ផ្គង់ដ៏ធំសម្បើមដូចជា Type 901 នេះ អាចដើរតួនាទីស្នូលដ៏សំខាន់មួយ នៅក្នុងកងនាវាដឹកយន្តហោះចម្បាំង ដោយនឹងត្រូវស្តុកទុកក៏ដូចជានាំយកប្រេង, សព្វាវុធ, និងបរិក្ខាមូលដ្ឋានចាំបាច់ផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅឲ្យនាវាដទៃៗទៀត នៅក្នុងកងទ័ពជើងទឹករបស់ប្រទេសចិន។
គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង Liaoning របស់ចិន បានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៦ ហើយនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងទៀតមានឈ្មោះថា Type-001 ត្រូវបានសម្ពោធកាលពីខែមេសា ឆ្នាំ២០១៧នេះ ខណៈគម្រោងជាច្រើនផ្សេងទៀត កំពុងត្រូវបានរៀបចំឡើង សម្រាប់ការសាងសង់នាវាដឹកយន្តហោះចម្បាំងជំនាន់ថ្មី ដែលផលិតក្នុងស្រុកមួយគ្រឿងថែមទៀតផងដែរ។ ក្រៅពីនេះចិនក៏ទើបតែ បានបើកសម្ពោធមូលដ្ឋានយោធាជើងទឹកក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន នៅឯប្រទេស Djibouti ផងដែរ ដើម្បីជ្រោមជ្រែងដល់ប្រតិបត្តិការប្រឆាំងករណីចោរសមុទ្រ នៅក្បែរប្រទេសសូម៉ាលី និងជួយធានាសុវត្ថិភាពដល់ផ្លូវធ្វើដំណើរ របស់កប៉ាល់ពាណិជ្ជកម្ម នៅតាមផ្លូវទឹកដ៏សំខាន់នេះ៕