គួរឲ្យចាប់អារម្មណ៍! រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា «មិនបានស្តីបន្ទោសចិនទេ ជុំវិញបញ្ហាកូរ៉េខាងជើង» ខណៈលោក ដូណាល់ ត្រាំ ទើបតែស្តីបន្ទោសរួចក្តៅៗ!
02-08-2017 11:14
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានអះអាងថា សហរដ្ឋអាមេរិកមិនបានបន្ទោសចិន ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងនៅលើឧបទ្វីបកូរ៉េនោះទេ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ កាលពីប៉ុន្មានថ្ងៃមុននេះ លោក ដូណាល់ ត្រាំ បានបង្ហាញការសោកស្ដាយ និងបន្ទោសទីក្រុងប៉េកាងត្រង់ៗតែម្ដងថា មិនបានជួយអ្វីទាល់តែសោះក្នុងការទប់ស្កាត់ ទីក្រុងព្យុងយ៉ាង មិនឱ្យធ្វើតេស្ដមីស៊ីល ខណៈដែលចិនបានរកស៊ីចំណេញពីអាមេរិក រាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
«ដើម្បីសម្រេចវត្ថុបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើតំបន់ឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិកត្រូវការចិនជាដៃគូធ្វើការ ហើយសហរដ្ឋអាមេរិកមិនបានបន្ទោសចិន ពាក់ព័ន្ធនឹងស្ថានភាព ឧបទ្វីបកូរ៉េបច្ចុប្បន្នឡើយ»។ នេះជាការលើកឡើងរបស់ លោក ធីល្លឺសុន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។ ក៏ប៉ុន្តែការលើកឡើងបែប នេះគឺផ្ទុយទំាងស្រុងទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបន្ទោសចិនចំៗ សម្រាប់ការបណ្ដោយឱ្យកូរ៉េខាងជើង បង្ករឿងនៅក្នុងតំបន់។
លោក ត្រាំ នៅក្នុងប្រអប់បញ្ចេញមតិលើ Twitter កាលពីសប្ដាហ៍មុន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះចិន... មេដឹកនាំធ្ងន់ខ្លៅរបស់យើងមុនៗ បានអនុញ្ញាតឱ្យពួកគេ (ចិន) ចំណេញលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាល់តែសោះសម្រាប់ពួកយើងជាមួយកូរ៉េខាងជើង, បានតែនិយាយ»។
គួរបញ្ជាក់ថា កាលពីខែកក្កដាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBM ចំនួនពីរលើក រីឯក្រុមអ្នកជំនាញមួយចំនួនយល់ថា តាមរយៈការធ្វើតេស្ដទាំងនេះ ទីក្រុងព្យុងយ៉ាងអាចនឹង មានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់សហរដ្ឋអាមេរិកយ៉ាងយូរនៅឆ្នាំ២០២០។ ប៉ុន្តែយ៉ាងណា លោក រិច ធីល្លឺសុន នៅតែសង្ឃឹមថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចអង្គុយចរចាជាមួយគ្នា ហើយថា ទីក្រុងវ៉ាស៊ីនតោនគ្មានបំណងផ្លាស់ប្ដូរ ឬផ្ដួលរំលំរបបដឹកនាំនៅកូរ៉េខាងជើងឡើយ៕