(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង បើសិនជារបបកុម្មុយនីស្ដមួយនេះ នៅតែបន្តគំរាមកំហែងសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ICBM។ នេះបើតាមសមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋ លោក Lindsey Graham ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Lindsey Graham ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ NBC។ លោក Lindsey Graham បញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍នោះយ៉ាងដូច្នេះថា «វាអាចនឹងមានសង្រ្គាមជាមួយកូរ៉េខាងជើង បើសិនជាពួកគេនៅតែបន្តព្យាយាម ចង់វាយប្រហារដោយមីស៊ីល ICBM ប្រឆាំងនឹងសហរដ្ឋអាមេរិក... គាត់ (លោក ត្រាំ) បានប្រាប់ខ្ញុំដូច្នេះ ខ្ញុំជឿជាក់លើគាត់។ បើខ្ញុំជាចិនក៏ខ្ញុំនឹងជឿជាក់លើគាត់ដែរ ហើយនឹងធ្វើអ្វីមួយជាមិនខាន... អ្នកអាចបញ្ឈប់កូរ៉េខាងជើង តាមរយៈកម្លាំងយោធា និងការទូត ខណៈការប្រើប្រាស់ កម្លាំងយោធានៅតែជាជម្រើសមួយ ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ឬក៏ទីក្រុងព្យុងយ៉ាងបំផ្លាញវាដោយខ្លួនឯង»។ លោក Lindsey Graham បន្ថែមទៀតថា «ខ្ញុំពិតជាចង់ ដោះស្រាយបញ្ហាតាមវិធានការការទូត ក៏ប៉ុន្តែយើងមិនអាចអនុញ្ញាតកូរ៉េខាងជើង មានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចវាយប្រហារលើសហរដ្ឋអាមេរិកបានជាដាច់ខាត»។
គួរបញ្ជាក់ថា កាលពីខែកក្កដាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBM ចំនួនពីរលើក រីឯក្រុមអ្នកជំនាញមួយចំនួនយល់ថា តាមរយៈការធ្វើតេស្ដទាំងនេះ ទីក្រុងព្យុងយ៉ាង អាចនឹងមានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់សហរដ្ឋអាមេរិកយ៉ាងយូរនៅឆ្នាំ២០២០៕