(វ៉ាស៊ីនតោន)៖ កុំថាឡើយមិនត្រូវរ៉ូវគ្នាចំពោះបញ្ហានៅក្នុងស្រុក សូម្បីតែបញ្ហាកូរ៉េខាងជើង ក៏ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិករបស់ លោក ដូណាល់ ត្រាំ បង្ហាញការខ្វែងគំនិតគ្នាផងដែរ ជុំវិញ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានលើកឡើងពីក្ដីសង្ឃឹមជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងអាចនឹងរៀបចំកិច្ចសន្ទនាការទូត បើទោះបីជាកូរ៉េខាងជើងកាន់តែផ្គើនបាញ់សាកល្បងមីស៊ីលផ្លោងក៏ដោយ ក៏ប៉ុន្តែមន្ត្រីតំណាងអាមេរិកនៅ UN បែរជាបង្ហាញទស្សនផ្ទុយគ្នាទៅវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន លោក ធីល្លឺសុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមានបំណងចង់ផ្លាស់ប្ដូរ ឬផ្ដួលរំលំរបបដឹកនាំនៅកូរ៉េខាងជើងឡើយ ហើយយើង ក៏មិនបានកំពុងស្វែងរកការបង្រួបបង្រួមឧបទ្វីបកូរ៉េឡើងវិញ ឬក៏ប្រើប្រាស់លេសណាមួយ បញ្ជូនកងទ័ពរបស់យើងបន្ថែមទៅកាន់តំបន់ប៉ែកខាងជើងនៃខ្សែស្របទី៣៨ដែរ... ត្បិតយើងមិន មែនជាសត្រូវរបស់អ្នក(កូរ៉េខាងជើង) ប៉ុន្តែអ្នកបែរជាបង្កការគំរាមកហែងដល់យើងទៅវិញ... យ៉ាងណាក៏ដោយយើងនៅតែសង្ឃឹមថា កូរ៉េខាងជើង អាចនឹងយល់នៅថ្ងៃណាមួយ ហើយយើងពិតជាចង់អង្គុយចរចាជាមួយនឹងពួកគេ»។
តែទោះជាយ៉ាងនេះក្ដី ការលើកឡើងរបស់ លោក ធីល្លឺសុន គឺផ្ទុយទំាងស្រុងទៅនឹងការលើកឡើងដោយ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley ដែលបានអះអាថា កិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង បានដើរដល់ទីបញ្ចប់។ ជាងនេះទៅទៀត ស្របពេលរដ្ឋមន្ត្រីការបរទេសរូបនេះ និយាយពីកិច្ចសន្ទនា កងទ័ពអាកាសអាមេរិកឯណោះវិញ បានបង្ហាញពីផែនការបញ្ជូនយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាស ២០០នាក់ បន្ថែមទៅកាន់កូរ៉េខាងត្បូង យ៉ាងយូរនៅក្នុងខែសីហានេះ៕