(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកទីបំផុតបានអនុម័តទទួលស្គាល់ លោក Christopher A. Wray ធ្វើជានាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ហើយ បន្ទាប់ពីមេ FBI ចាស់គឺលោក James Comey ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងកាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
លោក Wray ជាមួយនឹងសំឡេងគាំទ្រ ៩៥-៥ នឹងចូលមកជំនួសតំណែងរបស់ លោក James Comey ដែលត្រូវបញ្ឈប់ពីតួនាទីយ៉ាងតក់ក្រហល់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ ស្របពេលដែលក្រុមភ្នាក់ងារស៊ើបអង្កេត កំពុងតាមស្វែងខ្សែចំណងទាក់ទងរវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ និងរដ្ឋាភិបាលប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីមិថុនា លោក Christopher Wray ត្រូវបានជ្រើសតាំងដោយ លោក ដូណាល់ ត្រាំ ដើម្បីមកស្នងតំណែងពី លោក Comey ជានាយកថ្មីរបស់ FBI ហើយនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក នាយក FBI រូបនេះនឹងត្រូវកាន់តួនាទីរបស់ខ្លួនសម្រាប់រយៈពេល ១០ឆ្នាំ៕