(ប៉េកាំង)៖ ទីបំផុតចិនបានបើកសម្ពោធជាផ្លូវការនូវ មូលដ្ឋានយោធាក្រៅប្រទេសដំបូងបង្អស់របស់ខ្លួនហើយ ដែលមានទីតាំងនៅក្នុងប្រទេស Djubouti ភាគខាងកើតទ្វីបអាហ្រ្វិក បន្ទាប់ពីបានបញ្ជូនកងទ័ពរបស់ខ្លួន ទៅឲ្យត្រៀមរៀបចំនៅទីនោះ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។
ចិនបានចាប់ផ្តើមសាងសង់មូលដ្ឋានដឹកជញ្ជូនយោធាមួយកន្លែង នៅក្នុងប្រទេស Djibouti កាលពីឆ្នាំមុន។ វានឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់នាវាយោធា ដែលចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព ក៏ដូចជាមនុស្សធម៌ ជាពិសេសនៅក្បែរឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន និងសូម៉ាលីតែម្តង។ វាគឺជាមូលដ្ឋានយោធាជើងទឹក ដែលស្ថិតនៅឯក្រៅប្រទេសដំបូងបំផុតរបស់ចិន ទោះបីជាទីក្រុងប៉េកាំងបានហៅមូលដ្ឋាននេះជាផ្លូវការថា ជាទីតាំងដឹកជញ្ជូនមួយប៉ុណ្ណោះយ៉ាងណាក្តី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មនុស្សជាង ៣០០នាក់ បានចូលរួមក្នុងពិធីសម្ពោធមូលដ្ឋានទ័ពនេះ ដោយរួមមានទាំងមេបញ្ជាការរងកងទ័ពជើងទឹកចិន លោក Tian Zhong និងរដ្ឋមន្រ្តីការពារជាតិ Djibouti ផងដែរ ហើយមូលដ្ឋាននេះ នឹងអនុញ្ញាតឲ្យចិនធ្វើការគាំទ្រដល់កងនាវាល្បាតរបស់ខ្លួន នៅក្នុងដែនទឹកក្បែរប្រទេសសូម៉ាលី និងយេម៉ែន ក៏ដូចជាការបំពេញកាតព្វកិច្ចមនុស្សធម៌អន្តរជាតិផ្សេងៗថែមទៀតផង។
គួរបញ្ជាក់ថា ប្រទេស Djibouti ដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសវែលស៍ ស្ថិតនៅច្រកភាគខាងត្បូងនៃសមុទ្រក្រហម ដែលនៅលើផ្លូវទៅឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។ ប្រទេសដ៏តូចមួយនេះ ដែលមានទីតាំងនៅចន្លោះប្រទេស Ethiopia, Eritrea, និង សូម៉ាលី ក៏ជាកន្លែងបោះមូលដ្ឋានរបស់សហរដ្ឋអាមេរិក ជប៉ុន និងបារាំងផងដែរ។
ទីតាំងភូមិសាស្រ្តរបស់ប្រទេស Djibouti នៅចុងភាគពាយ័ព្យនៃមហាសមុទ្រឥណ្ឌា បានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាថា វានឹងក្លាយជា «ខ្សែគុជសម្ព័ន្ធមិត្តយោធា» មួយផ្សេងទៀតរបស់ចិន ដែលនៅព័ទ្ធជុំវិញប្រទេសឥណ្ឌា រួមមានទាំងបង់ក្លាដែស មីយ៉ាន់ម៉ា និងស្រីលង្កាផងដែរ៕