(ម៉ាឌ្រីដ)៖ ត្រឹមប៉ុន្មាននាទីមុនឈានដល់ម៉ោង៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ ជនជាតិចិនពីរនាក់រស់នៅក្នុងប្រទេស អេស្ប៉ាញ ដែលក្នុងនោះម្នាក់ជា បុគ្គលិកធនាគារ និងម្នាក់ទៀតជាអតិថិជនរបស់នាង បានធ្វើកិច្ចសន្ទនាជាមួយគ្នាអំពីការផ្ទេរប្រាក់។

សារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា អ្នកស្រី Wang Jing ជាមន្ត្រីជាន់ខ្ពស់នៃធនាគារពាណិជ្ចកម្ម និងឧស្សាហកម្មចិនដែលមានសាខានៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ដោយឡែកអតិថិជន របស់នាងមានឈ្មោះថា Xu Kai ជាបុគ្គលដ៏សំខាន់ម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា ជាសមាជិកក្រុមលាងលុយកំពុងស្ថិតក្រោមការសង្ស័យថា ប្រើប្រាស់ធនាគារសម្រាប់បញ្ជូនប្រាក់ចំណូលខុសច្បាប់ទៅប្រទេស ចិន។

បណ្តាញនេះត្រូវបានគេចោទប្រកាន់ថា បានបង្កើតគណនីជាច្រើនក្នុងនាមជាប្រជាពលរដ្ឋចិន ក្នុងប្រទេសអេស្ប៉ាញ ដោយក្នុងករណីខ្លះពួកគេគ្មានសិទ្ធក្នុង ការផ្ទេរប្រាក់ឡើយ។

នៅព្រឹកថ្ងៃនោះ លោកស្រី Wang មន្ត្រីធនាគារ បានលើកឡើងថា ស្ត្រីម្នាក់បានមកសាខារបស់នាងដោយលើកឡើងថា គណនីស្ត្រីរូបនេះមានការផ្ទេរប្រាក់ ដោយនាងមិនបានដឹងទាល់តែសោះ។ ប៉ុន្តែលោកស្រី Wang បានស្តីបន្ទោសទៅលើអតិថិជនថា «លោកស្រីត្រូវត្រួតពិនិត្យឲ្យបានច្បាស់ដោយខ្លួនឯងសិន ព្រោះការរិះគន់ដោយគ្មានភាពច្បាស់លាស់ អាចជាការបង្កបញ្ហាសម្រាប់ធនាគារ»

ការពិតទៅធនាគារទៅវិញទេ ដែលមានបញ្ហាហើយជាបញ្ហាដ៏ធំថែមទៀតផង ដែលបច្ចុប្បន្ន ប៉ូលីសអេស្ប៉ាញកំពុងធ្វើការស៊ើបអង្កេត។ ប៉ូលីសអេស្ប៉ាញ មានការសង្ស័យថា ក្រុមទាំងនេះបានបញ្ជូនប្រាក់រហូតដល់១.២ពាន់លានអឺរ៉ូឬ ១.៤ពាន់លានដុល្លារចេញពីអេស្ប៉ាញទៅប្រទេសចិន នៅរវាងឆ្នាំ២០០៩ ដល់ចុងឆ្នាំ២០១២។

ខ្សែអាត់សម្លេង និងភស្ថុតាងដែលត្រូវបានរកឃើញដោយប៉ូលីស បានដឹកនាំក្រុមអេស្ប៉ាញ ទៅលើដល់ច្រកទ្វានៃធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេស ចិនតែម្តង ឬហៅកាត់ថា ICBC ដែលត្រូវបានចាត់ទុកជាធនាគារធំជាងគេរបស់ពិភពលោកដោយផ្អែកលើទ្រព្យសម្បត្តិ។ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ប៉ូលីសរាប់សិបនាក់ បានធ្វើការសម្រុកចូលធនាគារចិនមួយនេះ ដែលមានសាខាក្នុងប្រទេស អេស្ប៉ាញ ដោយបានចាប់ខ្លួនលោកស្រី Wang Jing រួមទាំងមន្ត្រីជាន់ខ្ពស់បួនរូបនេះ។ ក្រោយមកមន្ត្រីពីររូបទៀតត្រូវបានចាប់ខ្លួនផងដែរ ក្នុងពេលឆ្មក់ចូលធនាគារ។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយ កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ព្រះរាជអាជ្ញាអេស្ប៉ាញបានលើកឡើងថា ធនាគារដ៏ធំដែលផ្តល់ប្រាក់កម្ចីក្រោមការ គ្រប់គ្រងរបស់ចិន គឺជាមធ្យោបាយដ៏ធំមួយដែលប្រើប្រាស់សម្រាប់លាងលុយរាប់ពាន់លានអឺរ៉ូ ដែលទទួលបានពីការគេចពន្ធ និងរត់ពន្ធខុសច្បាប់ពីសំណាក់ អង្គការឧក្រិដ្ឋកម្មចិន។ បរិមាណនៃការលាងលុយមានទំហំធំមែនទែន។ ព្រះរាជអាជ្ញាបានលើកឡើងថា ការលាងលុយនេះ ជាការបំផ្លាញសង្គម សេដ្ឋកិច្ចជាតិ។

ប៉ុន្តែដោយយោងតាមព័ត៌មានដែលបានមកពីការចាប់ខ្លួន និងចំនួនសរុបនៃបទចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍នេះ បែរជាមានតែព័ត៌មានតិចតួចប៉ុណ្ណោះ ដែលត្រូវបានបើកបង្ហាញ។ បច្ចុប្បន្នមានឯកសាររាប់រយពាន់ច្បាប់ ដែលត្រូវបានពិនិត្យឡើងវិញដោយភ្នាក់ងារសារព័ត៌មាន Reuters បូករួមជាមួយការធ្វើបទ សម្ភាសន៍ជាមួយអ្នកស៊ើបអង្កេត និងអតិតបុគ្គលិក ICBC បានបង្ហាញនូវទិន្និន័យលំអិតដំបូង ពាក់ព័ន្ធនឹងការចោទប្រកាន់ ដោយបានបង្ហាញថា ករណីនេះ ពាក់ព័ន្ធខ្ពស់ជាមួយនឹងធនាគារក្រោមការគ្រប់គ្រងដោយចិន ដែលកំពុងប្រតិបត្តិការណ៍នៅអឺរ៉ុប។ ការស៊ើបអង្កេតក៏បានធ្វើការព្រមានដល់ រដ្ឋាភិបាលក្រុង ប៉េកាំងថា មន្ត្រីជាន់ខ្ពស់របស់ចិន នៅទីក្រុង ម៉ាឌ្រីដ បានដាក់សម្ពាធដល់មន្ត្រីអេស្ប៉ាញ ក្នុងការស៊ើបអង្កេត ដោយបានព្រមានថា បើកិច្ចការស៊ើបអង្កេតនេះបរាជ័យ នឹងបង្កផលប៉ះពាល់ខ្ពស់ដល់សេដ្ឋកិច្ច។

ចំណុចស្នូលនៃករណីរបស់ធនាគារ ICBC គឺទំនាក់ទំនងរវាង ធនាគារជាមួយក្រុមអតិថិជនពីប្រទេស អេស្ប៉ាញ ដែលមានប្រភពមកពីសហគមន៍ពាណិជ្ជកម្មចិន។ អតិថិជនទាំងនេះត្រូវបានចោទប្រកាន់ថា បានប្រមូលផ្តុំប្រាក់ច្រើនសន្ធឹកសន្ធាប់ ដែលភាគច្រើនបានមកពីកិច្ចការខុសច្បាប់ និងការគេចពន្ធពីការនាំចូលទំនិញពីស្រុកកំណើតរបស់ពួកគេ។

ខ្សែរអាត់សម្លេង បានបង្ហាញថា ធនាគារ ICBC ជាអ្នកដែលបានបើកដៃជួយជនទាំងនោះ ដោយធនាគារទទួលឯកសារក្លែងក្លាយ ដើម្បីលាក់បាំងប្រភពនៃ ប្រាក់ចំណូល ប៉ុន្តែមិនបានបញ្ជាក់ពីប្រតិបត្តិការនៃការផ្ទេរប្រាក់ដែលគួរឱ្យសង្ស័យ។ មន្ត្រីអនុវត្តច្បាប់ក្នុងប្រទេស អេស្ប៉ាញបានរៀបចំពង្រីកការស៊ើប អង្កេតរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ព្រះរាជអាជ្ញាក៏គ្រោងសុំឱ្យចៅក្រមដែលទទួលបន្ទុកកិច្ចការនេះ ធ្វើការកោះហៅមន្ត្រីរដ្ឋបាលរបស់ ICBC ក្នុងប្រទេស លុចសំបួរផងដែរដើម្បីធ្វើការសាកសួរចម្លើយ។

សូមជម្រាបថា នៅរវាងឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ មន្ត្រីអេស្ប៉ាញបានលើកឡើងថា ធនាគារ ICBC ក្នុងទីក្រុង ម៉ាឌ្រីត បានបញ្ជូនប្រាក់រហូតដល់ ២២៥លានអឺរ៉ូទៅកាន់ប្រទេស ចិន ដែលប្រាក់ភាគច្រើនសង្ស័យថា ជាប្រាក់របស់បណ្តាញខុសច្បាប់។ ទាំងនេះ ជាមូលហេតុដែលបង្ហាញថា ធនាគារដ៏ល្បីល្បាញលំដាប់កំពូលរបស់ចិន ICBC មានជាប់ពាក់ព័ន្ធនឹងករណីលាងលុយខុសច្បាប់នៅក្រៅប្រទេស៕