(ការ៉ាកាស់)៖ ជារឿងមិនធម្មតាឡើយសម្រាប់វេណេស៊ុយអេឡាក្នុងតំណាក់កាលនេះ ដោយក្រោយពីការបោះឆ្នោតសមាជិកសភាធម្មនុញ្ញថ្មីកាលពីថ្ងៃអាទិត្យនោះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត មកលើរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ខណៈអាជ្ញាធរទីក្រុងការ៉ាកាសបានសម្រេចចាប់ខ្លួនមេបក្សប្រឆាំងធំៗចំនួនពីររូប ដើម្បីត្រៀមចាត់ការទៅតាមនីតិវិធី ក្រោយគណបក្សដឹកនាំរដ្ឋាភិបាលប្រកាសខ្លួនឯងថា ទើបឈ្នះឆ្នោតដែលអាចធ្វើការកែប្រែអ្វីៗគ្រប់យ៉ាងក្នុងប្រទេស។ នេះបើតាមការសរុបព័ត៌មានចុងក្រោយ នារសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយថែមទំាងចាត់ទុកដែរថា សភាធម្មនុញ្ញថ្មីដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃអាទិត្យ គឺជាស្ថាប័នខុសច្បាប់។ សភាធម្មនុញ្ញថ្មីនេះ គឺមានសិទ្ធិអំណាចកែរដ្ឋធម្មនុញ្ញ រហូតដល់រំលោយសភារបស់គណបក្សប្រឆាំងទៀតផង។
យោងតាមការធ្វើបច្ចុប្បន្នភាពលើបញ្ជីខ្មៅរបស់ខ្លួន បន្ទាប់ពីបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ១៣នាក់ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារជាតិអាមេរិកបានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីខ្មៅ ដែលនេះមានន័យថា ទ្រព្យសម្បត្តិរបស់លោកនៅសហរដ្ឋអាមេរិកទាំងអស់ត្រូវបានបង្កក ហើយពលរដ្ឋអាមេ រិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ជាមួយប្រធានាធិបតីរូបនេះទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាងដែរថា សេតវិមានបានចាត់ទុកថា ការបោះឆ្នោតសភាធម្មនុញ្ញ គឺផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នកទទួលខុសត្រូវទាំងស្រុង។
បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង និងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ នៅទីបំផុតសភាធម្មនុញ្ញថ្មីមួយ នៅតែត្រូវបានបង្កើតឡើងតាមការចង់បាន របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយប្រជាជនវេណេស៊ុយអេឡា ៤១.៥ភាគរយ ឬ៨លាននាក់ បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជ្រើសរើសសមាជិកសភាធម្មនុញ្ញថ្មីទំាង ៥៤៥នាក់។ ក៏ប៉ុន្តែគ្រាន់តែឈ្នះឆ្នោតភ្លាម លោក ម៉ាឌូរ៉ូ បានបង្ហាញពីបំណងប្រាថ្នាទីមួយ ទៅកាន់សភាធម្មនុញ្ញថ្មីឱ្យដកអភ័យឯកសិទ្ធិ របស់សមាជិកសភាពបក្សប្រឆាំងមួយចំនួន ដើម្បីយកមក កាត់ទោសតាមផ្លូវច្បាប់នូវអី្វដែលលោកផ្ទាល់ចោទថា តំណាងរាស្រ្ដបក្សប្រឆាំងបានព្យាយាមធ្វើរដ្ឋប្រហារសភា និងញុះញង់ឱ្យមានបាតុកម្មតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលនៅទូទំាងប្រទេស ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២០នាក់ បាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ាអស់រយៈពេលជាង ០៤ខែមកនេះ។
អ្វីដែលកាន់តែបង្កឲ្យមានភាពចលាចលបន្ថែមទៀតនោះ គឺមេបក្សប្រឆាំងធំៗនៅវេណេស៊ុយអេឡាចំនួនពីររូប ត្រូវបានអាជ្ញាធរសម្រេចចាប់ខ្លួនចាប់ខ្លួនជាថ្មី ពីបទចោទប្រកាន់ថា បានញុះញង់ឲ្យមានបាតុកម្មដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានទទួលរងការចោទប្រកាន់កាលពីឆ្នាំ២០១៤ និងត្រូវបានឃុំឃាំងជាបណ្តោះអាសន្នក្នុងលំនៅឋាន ក្រោយពីការបោះឆ្នោតសភាធម្មនុញ្ញកាលពីពីរថ្ងៃមុននេះ បានបង្ហាញលទ្ធផលជាបឋមថា គណបក្សលោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាអ្នកឈ្នះ។
សម្រាប់មេដឹកនាំបក្សប្រឆាំងល្បីៗទាំងពីររូបខាងលើនេះ គឺលោក Leopoldo López និងលោក Antonio Ledezma ដែលត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាអះអាងថា បានធ្វើការប្រកូកប្រកាស ឲ្យក្រុមប្រឆាំងរបស់ខ្លួន ចេញមកដង្ហែតាមដងផ្លូវ ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភាធម្មនុញ្ញថ្មី។ សារព័ត៌មាន BBC បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុនការបោះឆ្នោត លោក Lopez បានបង្ហោះវីដេអូមួយក្នុង Youtube ដើម្បីអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡា ចេញដង្ហែតាមដងផ្លូវដើម្បីសម្តែងការប្រឆាំង»។
គួរបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងដ៏ល្បីឈ្មោះទាំងពីររូបខាងលើនេះ ធ្លាប់បានទទួលរងការកាត់ទោសម្តងរួចទៅហើយកាលពីឆ្នាំ២០១៤ ដោយអ្នកទាំងពីរទើបត្រូវបានបញ្ជូនពីពន្ធនាគារយោធា ទៅកាន់លំនៅឋានពួកគេដើម្បីឃុំខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែការចាប់ខ្លួនជាថ្មីក្រោយការបោះឆ្នោតសភាធម្មនុញ្ញពីរថ្ងៃមកនេះ គេនៅមិនទាន់ដឹងថា តើអាជ្ញាធរវេណេស៊ុយអេឡា នឹងធ្វើការចោទប្រកាន់អ្វីទៀតនោះឡើយ ខណៈស្ថានការណ៍នៅវេណេស៊ុយអេឡានាពេល កំពុងស្ថិតនៅក្នុងភាពផុយស្រួយបំផុត ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់អាមេរិក និងអន្តរជាតិ៕