(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកកំពុងរៀបចំគម្រោង ដើម្បីធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ចំនួនមួយគ្រាប់បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោង ICBM ដោយជោគជ័យជាលើកទីពីរ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
មីស៊ីល MInuteman III ដែលជាមីស៊ីល ICBM បាញ់ចេញពីផ្ទៃដីតែមួយគត់របស់សហរដ្ឋអាមេរិក ត្រូវបានគេកំណត់ថា នឹងបាញ់សាកល្បងចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ដែលស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ា នាចន្លោះវេលាម៉ោង ០០៖០១នាទីយប់ និង ០៦៖០១នាទីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ ការធ្វើតេស្តមីស៊ីល ICBM នេះត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់ និងត្រួតពិនិត្យទៅលើប្រសិទ្ធភាព, សមត្ថភាពប្រុងជើងការ, និងភាពត្រឹមត្រូវច្បាស់លាស់ នៃប្រព័ន្ធសព្វាវុធនេះ។
គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើនឹងក្លាយជាការធ្វើតេស្តមីស៊ីល ICBM Minuteman III លើកទីបួនហើយ ដែលបាញ់ចេញពីមូលដ្ឋាន Vandenberg ក្នុងឆ្នាំ២០១៧នេះ ហើយវានឹងត្រូវធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពីជោគជ័យនៃការធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប លើកទីពីររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុនប៉ុណ្ណោះ៕