(អាមេរិក)៖ ក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុង Houston សហរដ្ឋអាមេរិក នឹងជួយបញ្ជូនអដិ្ឋធាតុរបស់មនុស្សទៅកាន់ទីអវកាស នៅក្នុងតម្លៃដែលពួកគេអះអាងថា សមរម្យ គឺ១២,៥០០ដុល្លារក្នុងមួយក្រាម ហើយប្រសិនបើពួកគេគិតថា វាថ្លៃខ្ពស់ខ្លាំងពេកអ្នកអាចប្រើប្រាស់កោដ ដែលអាចផ្ទុកធាតុពួកគេបានទម្ងន់ ៨៥ក្រាម ដើម្បីឲ្យគេបញ្ជូនទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី ដោយចំណាយត្រឹមតែ ៥,០០០ដុល្លារប៉ុណ្ណោះ ជាទីដែលធាតុរបស់ពួកគេនោះ នឹងនៅរសាត់អណ្តែតសម្រាប់រយៈពេលប៉ុន្មានឆ្នាំ មុនត្រូវបានទំនាញទាញចូលទៅភពផែនដីវិញ ហើយឆេះរលាយអស់នាពេលនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០១ សីហា ឆ្នាំ២០១៧។
សេវាបញ្ចុះធាតុនៅទីអវកាសបែបនេះ បាននិងកំពុងតែបន្តមានការពេញនិយមខ្លាំង និងក្រុមហ៊ុនទើបបង្កើតថ្មីដូចជា Celestis ដែលធ្លាប់បញ្ជូនធាតុរបស់មនុស្សបានមួយចំនួនផងដែរ ទៅកាន់គន្លងគោចរផែនដី គិតចាប់តាំងពីពួកគេបានចាប់ផ្តើមប្រតិបត្តិការ កាលពីឆ្នាំ២០១៥មកនោះ ក៏បានចេញមកថ្លែងពាក់ព័ន្ធអំពីរឿងនេះ។ នាយកប្រតិបត្តិ (CEO) របស់ Celestis លោក Charles Chafer បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានបំណងបញ្ជូនធាតុរបស់ប្រជាពលរដ្ឋអាមេរិកឲ្យបានចំនួន ៥០០នាក់ ទៅកាន់ផ្នូរដែលស្ថិតនៅត្រឹមគន្លងគោចររបស់យើង ឬក៏លំហអាកាសឆ្ងាយៗ ក្នុងឆ្នាំ២០១៧នេះ។
ក្រុមហ៊ុន Celestis បានចាប់ដៃគូជាមួយសេវារៀបចំពិធីបុណ្យសព Argos ជាក្រុមហ៊ុនផ្តល់សេវារៀបចំពិធីបុណ្យសពដំបូងគេ ដែលទទួលបានការអនុញ្ញាតក្នុងការបញ្ជូនធាតុរបស់មនុស្សទៅកាន់ឋានព្រះច័ន្ទ។ បណ្តាធាតុរបស់អ្នកមានស្តុកស្តម្ភ និងចម្លែកៗ ដែលប្រាថ្នាចង់ឲ្យគេបញ្ចុះធាតុរបស់ខ្លួន នៅលើឋានព្រះច័ន្ទ នឹងត្រូវធ្វើដំណើរតាមជើងហោះហើរឯកជនររបស់ក្រុមហ៊ុន Moon Express។ បន្ទាប់មកទៀត យានចុះចតនៅឋានព្រះច័ន្ទ នឹងនាំយកធាតុទាំងនោះ ក៏ដូចជា DNA ទៅកាន់ទីកន្លែងអចិន្រ្តៃយ៍ចុងក្រោយរបស់ពួកគេ។ លោក Chafer បាននិយាយថា «វាគ្មានអ្វីប្លែកខុសខ្លាំងនោះឡើយ ពីការបាចធាតុនៅឯផ្ទៃសមុទ្រនោះ។ មនុស្សទាំងអស់គ្នា មិនអាចជៀសផុតពីសេចក្តីស្លាប់នោះទេ ដូច្នេះហើយមុខជំនួញនេះគឺជាទីផ្សារដ៏ធំសម្បើមមួយ»។
គួរបញ្ជាក់ថា ជាទូទៅមនុស្សពេញវ័យម្នាក់នឹងបន្សល់ទុកនូវធាតុ ដែលមានទម្ងន់ ២,២៦៨ក្រាម នៅពេលដែលត្រូវបានបូជា ប្រការហេតុនេះវានឹងត្រូវចំណាយលុយរាប់សិបលានដុល្លារ ដើម្បីអាចបញ្ចុះធាតុនៃមួយតួខ្លួនមនុស្សយើងទាំងមូល នៅឯទីអវកាសបាន៕