(ប៉េកាំង)៖ ចិនស្រឡាញ់ណាស់សន្តិភាព ក៏ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យការស្រឡាញ់នេះ ប៉ះពាល់ដល់ដែនអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍជាតិជាដាច់ខាត។ នេះបើតាមការសង្កត់ធ្ងន់របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឱកាសអបអរខួប៩០ឆ្នាំនៃថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន PLA ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
លោក ស៊ី ដែលមានតំណែងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាននៃគណៈកម្មការយោធាមជ្ឈិមផងដែរនោះ បានថ្លែងថា «ជនរួមជាតិចិនស្រឡាញ់សន្តិភាពខ្លាំងណាស់។ យើងមិនដែលព្យាយាមចង់ឈ្លានពាន ឬក៏ពង្រីករិទ្ធិអំណាចនោះឡើយ ក៏ប៉ុន្តែពួកយើងមានជំនឿចិត្តយ៉ាងរឹងមាំ ដើម្បីកម្ចាត់រាល់សត្រូវឈ្លានពានទាំងអស់»។
ក្នុងឱកាសនៃពិធីជួបជុំដ៏ធំសម្បើម ដើម្បីរំលឹកខួប៩០ឆ្នាំនៃថ្ងៃកំណើតកងទ័ពចិន PLA នាថ្ងៃទី០១ ខែសីហានេះ លោកប្រធានាធិបតីចិនបានបន្តថា «យើងនឹងគ្មានថ្ងៃអនុញ្ញាតឲ្យបុគ្គល ក្រុម ឬក៏បក្សនយោបាយណាមួយ បំបែកបំបាក់ផ្នែកណាមួយនៃទឹកដីចិន ចេញពីប្រទេសមួយនេះជាដាច់ខាត ទោះបីជានៅវេលាណា និងក្នុងទម្រង់យ៉ាងដូចម្តេចក៏ដោយ។ ម៉្យាងវិញទៀត មិនគួរមាននរណាមួយរំពឹងថា យើងនឹងទ្រាំលេបផ្លែឈើដ៏ជូរចត់ ដែលមានគ្រោះថ្នាក់ដល់ដែនអធិបតេយ្យភាព សន្តិសុខ ឬផលប្រយោជន៍នៃការអភិវឌ្ឍជាតិចិននោះឡើយ»។
គួរបញ្ជាក់ថា ក្រៅពីនេះ លោក ស៊ី ជិនពីង ក៏បានរំលឹកពីប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់កងទ័ពចិន PLA ដែលបានចាប់កំណើតជាលើកដំបូង ក្នុងអំឡុងការបះបោរនៅខេត្ត Nanchang ប្រឆាំងនឹងរដ្ឋបាលដឹកនាំរបស់គណបក្សគូមីងតាង (Kuomintang) កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧ ផងដែរ។ លោកប្រធានាធិបតីចិន ក៏បានកោតសរសើរ ស្ញប់ស្ញែង និងសាទរ ចំពោះសារៈសំខាន់ដ៏ធំធេងរបស់ PLA ក្នុងការថែរក្សាការពារប្រជាជាតិ, ទប់ទល់និងដោះស្រាយជាមួយការគំរាមកំហែងជាច្រើនខុសៗគ្នា, និងការពារដែនអធិបតេយ្យភាពចិន ក៏ដូចជាផលប្រយោជន៍អន្តរជាតិ៕