(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានធ្វើសេចក្ដីថ្លែងការណ៍ការពារខ្លួនឯងជាលើកចុងក្រោយ ទៅកាន់តុលាការក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយលោកស្រីនៅតែអះអាងថា ខ្លួនមិនបានប្រព្រឹត្តកំហុសឆ្គងណាមួយឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានធ្វើឱ្យខាតបង់ថវិកាជាតិរាប់ពាន់លានបាត ដោយសារតែកម្មវិធីប្រមូលទិញស្រូវក្នុងតម្លៃថ្លៃ ពីប្រជាកសិករថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «គោលនយោបាយទិញស្រូវពីកសិករថៃក្នុងតម្លៃថ្លៃ បានជំរុញកំណើនសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ហើយវាមិនបានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិនោះទេ... នេះហើយជាហេតុផលដែលខ្ញុំចង់ឲ្យគោលនយោបាយនេះ នៅតែបន្តដំណើរការ ព្រោះវាគឺជាគោលនយោបាយស្អាតស្អំ និងត្រឹមត្រូវ»។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានរដ្ឋាភិបាលថៃបច្ចុប្បន្ន ធ្វើរដ្ឋប្រហារយោធាទម្លាក់ចេញពីតំណែងកាលពីខែឧសភា ឆ្នាំ២០១៤ និងត្រូវហាមមិនឱ្យចូលរួមធ្វើ សកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ កាលពីឆ្នាំ២០១៥។ ដោយឡែកទាក់ទិននឹងការចោទប្រកាន់ថា លោកស្រី ធ្វើឱ្យខាតបង់ថវិកាជាតិជាង ៥៣០ពាន់លានបាត ហើយបើសិនជាតុលាការរកឃើញថា លោកស្រីបានប្រព្រឹត្តខុសដូចការចោទប្រកាន់មែននោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះអាចប្រឈមមុខការជាប់ពន្ធនាគារ ១០ឆ្នាំ ខណៈតុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែសីហានេះ៕