(ការ៉ាកាស់)៖ មេបក្សប្រឆាំងធំៗនៅវេណេស៊ុយអេឡាចំនួនពីររូប ត្រូវបានអាជ្ញាធរសម្រេចចាប់ខ្លួនចាប់ខ្លួនជាថ្មី ពីបទចោទប្រកាន់ថា បានញុះញង់ឲ្យមានបាតុកម្មដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាល ដូចអ្វីដែលពួកគេធ្លាប់បានទទួលរងការចោទប្រកាន់កាលពីឆ្នាំ២០១៤ និងត្រូវបានឃុំឃាំងជាបណ្តោះអាសន្នក្នុងលំនៅឋាន ក្រោយពីការបោះឆ្នោតសភាធម្មនុញ្ញកាលពីពីរថ្ងៃមុននេះ បានបង្ហាញលទ្ធផលជាបឋមថា គណបក្សលោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាអ្នកឈ្នះ និងមានសិទ្ធិកែប្រែអ្វីគ្រប់យ៉ាងក្នុងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
សម្រាប់មេដឹកនាំបក្សប្រឆាំងល្បីៗទាំងពីររូបខាងលើនេះ គឺលោក Leopoldo López និងលោក Antonio Ledezma ដែលត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាអះអាងថា បានធ្វើការប្រកូកប្រកាស ឲ្យក្រុមប្រឆាំងរបស់ខ្លួន ចេញមកដង្ហែតាមដងផ្លូវ ដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភាធម្មនុញ្ញថ្មី។ សារព័ត៌មាន BBC បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុនការបោះឆ្នោត លោក Lopez បានបង្ហោះវីដេអូមួយក្នុង Youtube ដើម្បីអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡា ចេញដង្ហែតាមដងផ្លូវដើម្បីសម្តែងការប្រឆាំង»។
គួរបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងដ៏ល្បីឈ្មោះទាំងពីររូបខាងលើនេះ ធ្លាប់បានទទួលរងការកាត់ទោសម្តងរួចទៅហើយកាលពីឆ្នាំ២០១៤ ដោយអ្នកទាំងពីរទើបត្រូវបានបញ្ជូនពីពន្ធនាគារយោធា ទៅកាន់លំនៅឋានពួកគេដើម្បីឃុំខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែការចាប់ខ្លួនជាថ្មីក្រោយការបោះឆ្នោតសភាធម្មនុញ្ញពីរថ្ងៃមកនេះ គេនៅមិនទាន់ដឹងថា តើអាជ្ញាធរវេណេស៊ុយអេឡា នឹងធ្វើការចោទប្រកាន់អ្វីទៀតនោះឡើយ ខណៈស្ថានការណ៍នៅវេណេស៊ុយអេឡានាពេល កំពុងស្ថិតនៅក្នុងភាពផុយស្រួយបំផុត ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់អាមេរិក និងអន្តរជាតិ៕