(ហាណូយ)៖ ក្រសួងការអប់រំ និងបណ្ដុះបណ្ដាលវៀតណាម នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ករណីក្មេងទំនើងវៀតណាមវាយតប់គ្នានៅខាងក្រៅ និងក្នុងសាលារៀននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានរហូតដល់ទៅ ១,៦០០ករណី ឬក៏កើតឡើង ០៥ករណីក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
យោងតាមស្ថិតិរបស់ក្រសួងអប់រំ ក្នុងចំណោមករណីវាយតប់គ្នាខាងលើ មានក្មេងទំនើងវៀតណាមខ្លះ ប្រើប្រាស់កូនកាំបិត ដាវ ឬក៏កាំភ្លើង បាញ់កាប់ចាក់គ្នាដោយសារតែរឿងបន្តិចបន្ដួច ដូចជាការមើលមុខឌឺដាក់គ្នាជាដើម។ ជាឧទាហរណ៍កាលពីខែមិថុនា ក្មេងស្រីសិស្សសាលាពីរនាក់មានអាយុ ១៥ឆ្នាំ មកពីវិទ្យាល័យ Vu Ngoc Phan ក្នុងទីក្រុងហាណូយ គឺនាង Nguyen Thi Thuy និង នាង Nguyen Thi Trang បានឈ្លោះប្រកែកវាយតប់គ្នា ដោយនាង Thuy ចោទនាង Trang ថា បានមកមុខនាងក្នុងលក្ខណៈចង់បង្ករឿង។
គួរបញ្ជាក់ថា បើតាមស្ថិតនេះដដែល ករណីក្មេងទំនើងវៀតណាមវាយតប់គ្នានេះ ក៏មានករណីខ្លះត្រូវកាត់ទោស ឬបណ្ដេញចេញសាលាក្នុងចំណោមសិស្សជាង ១១,០០០នាក់ ដែលបានពាក់ព័ន្ធករណី៕