(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ចក្រពត្តិអាមេរិក មិនអាចបំភ័យលោកបានឡើយ ហើយថាការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ គឺធ្វើឡើងតាមឆន្ទៈរាស្ត្រ និងជាការបោះឆ្នោតមួយដើម្បីបដិវត្តន៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទ ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលនេះមានន័យថា ទ្រព្យសម្បត្តិរបស់លោកនៅសហរដ្ឋអាមេរិក ត្រូវបានបង្កក រីឯពលរដ្ឋអាមេរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ជាមួយប្រធានាធិបតីរូបនេះទេ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Steven Mnuchin ក៏បានអះអាងដែរថា សេតវិមានបានចាត់ទុកថា ការបោះឆ្នោតសភាធម្មនុញ្ញគឺផ្ទុយទៅនឹងច្បាប់ រីឯលោក ម៉ាឌូរ៉ូ ជាអ្នកទទួលខុសត្រូវទាំងស្រុង។
យ៉ាងណាក៏ដោយជាការឆ្លើយតប លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចក្រពត្តអាមេរិករបស់ (លោក) ដូណាល់ ត្រាំ បានសម្រេចចិត្តប្រឆាំងនឹងខ្ញុំ ដែលនេះបានបង្ហាញពីបរាជ័យ និងភាពស្អប់ខ្ពើមរបស់គាត់តែប៉ុណ្ណោះ... ខ្ញុំគ្មានអ្វីត្រូវភិតភ័យ ហើយខ្ញុំក៏នឹងមិនគោរពតាមបញ្ជាពីរដ្ឋាភិបាលបរទេសដែរ។ ខ្ញុំនឹងមិនធ្វើបែបនេះជាដាច់ខាត... ដាក់ទណ្ឌកម្មខ្ញុំចុះតាមដែលអ្នកប្រាថ្នា ក៏ប៉ុន្តែប្រជាជនវេណេស៊ុយអេឡា បានសម្រេចចិត្តរួចទៅហើយដើម្បីសេរីភាព ហើយខ្ញុំគឺជាប្រធានាធិបតីឯករាជ្យម្នាក់សម្រាប់ប្រជាជាតិសេរី»។
គួរបញ្ជាក់ថា សភាធម្មនុញ្ញថ្មីរបស់លោក ម៉ាឌូរ៉ូ គឺមានសិទ្ធិអំណាចកែរដ្ឋធម្មនុញ្ញ រហូតដល់រំលោយសភាគ្រប់គ្រងដោយគណបក្សប្រឆាំងទៀតផង។ ដូច្នេះទើបគណបក្សប្រឆាំង, សហរដ្ឋអាមេរិក និងកូឡុំប៊ីជាដើម បានប្រកាសថា ពួកគេមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះនោះទេ ខណៈបាតុកម្មតវ៉ារបស់ក្រុមបាតុករប្រឆាំង លោក ម៉ាឌូរ៉ូ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់) ទំនងជាត្រូវពន្យាពេលរហូតដល់ថ្ងៃពុធ ជាថ្ងៃសភាធម្មនុញ្ញថ្មីត្រូវជួបប្រជុំគ្នា៕