(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ ប្រកាសយ៉ាងឱឡារិកថា កងទ័ពស៊ីរី នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ នាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពស៊ីរីកាលពីថ្ងៃចន្ទ លោក អាសាដ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពស៊ីរីនឹងបានទទួលជោគជ័យ ដើម្បីបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ មួយនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ មិនធ្លាប់មានពីមុនមក... ប៉ុន្តែយើងនៅតែប្រឈមមុខនឹងពួកភេរវករ និងសត្រូវរបស់យើងមួយចំនួន ដែលត្រូវបានគាំទ្រដោយមហាអំណាច តំបន់ និងអន្តរជាតិក្នុងគោលបំណងគ្រប់គ្រងប្រទេសស៊ីរីទាំងមូល... តែមហិច្ឆតានេះនឹងមិនអាចក្លាយជាការពិតនោះទេ ព្រោះពួកយើងនឹងទទួលបានជ័យជម្នះនាពេលឆាប់ៗនេះ»។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កងទ័ពរដ្ឋាភិបាលស៊ីរី បានវាយដណ្ដើមគ្រប់គ្រងតំបន់ជាច្រើនពីពួក ISIS និងកំពុងធ្វើប្រតិបត្តិការយោធា កាន់តែរុលទៅមុខនៅខាងក្រៅខេត្ត Homs ស្ថិតនៅភាគកណ្ដាលប្រទេសស៊ីរី ព្រមទំាងឡោមព័ទ្ធលើពួករណសិរ្ស Nusra នៅភាគខាងលិចនៃតំបន់ Qalamoun៕