(វ៉ាស៊ីនតោន)៖ សេតវិមានបានបញ្ជាក់ឲ្យដឹងថា លោក Anthony Scaramucci នឹងលាលែងពីតំណែងរបស់លោកជានាយកទំនាក់ទំនងប្រចាំសេតវិមាននាថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានជាច្រើន ស្តីពីការលាឈប់ពីតួនាទីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
លោក Scaramucci ត្រូវបានជ្រើសតាំងជានាយកផ្នែកទំនាក់ទំនងប្រចាំសេតវិមាន ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២១ ខែកក្កដាថ្មីៗនេះ ក៏ប៉ុន្តែអំឡុងពេលនៃការកាន់តួនាទីចំនួន ១១ថ្ងៃ របស់លោកអតីតអ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានសម្រេចលាឈប់ពីតំណែង ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការមកដល់របស់លោក Scaramucci ហើយក្រៅពីនេះ លោក Anthony Scaramucci ថែមទាំងបានទាស់ពាក្យសម្តីជាមួយ លោក Reince Priebus អតីតប្រធានខុទ្ទកាល័យសេតវិមានថែមទៀតដោយ លោក Scaramucci បានចោទលោក Priebus ថាជាប្រភពនៃការលេចធ្លាយព័ត៌មាននៅឯសេតវិមាន។
ក្រោយមក លោក Priebus ក៏បានលាលែងពីតំណែង ហើយលោក ដូណាល់ ត្រាំ បានប្រកាសពីការជ្រើសរើសរដ្ឋមន្រ្តីសន្តិសុខជាតិអាមេរិក លោក John Kelly ជាប្រធានសេតវិមានថ្មីជំនួសលោក Priebus។ គួរបញ្ជាក់ថា នៅក្នុងកាន់អំណាចជាងកន្លះឆ្នាំមកនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់មានភាពរង្គោះរង្គើខ្លាំងរឿងការដកដាក់មន្ត្រីមានតួនាទីកំពូលៗ ហើយភាគច្រើននៃមន្ត្រីដែលត្រូវបានដោះដូរ តំណែងទាំងនោះ គឺជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរវាងក្រុមយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ ជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីតែម្តង៕