(ដាម៉ាស់)៖ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្វើតេស្ត និងប្រកាសជោគជ័យជាលើកទីពីរចំពោះ គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM ប្រទេសកូរ៉េខាងជើងបានបង្ហាញសញ្ញាមិនស្រួលថ្មីទៀត នោះគឺការចល័តនាវាមុជទឹកខុសពីធម្មតានៅក្នុងសមុទ្រជប៉ុន ដែលសហរដ្ឋអាមេរិកបានអះអាងថា «គឺជាសកម្មភាពខុសពីធម្មតាខ្លាំង និងក្នុងកម្រិតមួយដែលមិនអាចប៉ាន់ស្មានបានផងដែរ»។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
មន្ត្រីអាមេរិកបានលើកឡើងនៅដើមសប្តាហ៍នេះថា គេពុំទាន់អាចសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងបានរៀបចំធ្វើតេស្តអ្វីមួយផ្សេងទៀតនៅឡើយទេ។ ចំពោះតេស្តដែលអាមេរិកលើកឡើងនេះ គឺចង់សំដៅទៅលើការបាញ់មីស៊ីលចេញពីនាវាមុជទឹក ដោយប្រើប្រាស់បច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល cold-launch system ដោយប្រើប្រាស់កម្លាំងបុកដ៏ខ្លាំងនៃចំហាយទឹក ដើម្បីរុញច្រានគ្រាប់មីស៊ីលចេញពីនាវាមុជទឹក រួចទើបមីស៊ីលផុសចេញទៅលើអាកាស បន្ទាប់មកគ្រាប់មីស៊ីលនឹងត្រូវរុញច្រានបន្តដោយចំហេះ ដែលការធ្វើបែបនេះគឺជាដើម្បីជៀសវាងការបង្កឲ្យខូចខាតដល់នាវាមុជទឹក។
គួរបញ្ជាក់ថា ប្រសិនបើលើកនេះកូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលចេញពីនាវាមុជទឹកនោះ វានឹងក្លាយជាលើកទី៤ហើយ ខណៈសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់កំពុងតែមានការព្រួយបារម្ភកម្រិតខ្ពស់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាខាងលើនេះ ដែលកូរ៉េខាងជើងកំពុងខ្នះខ្នែងបង្កើតឡើងយ៉ាងលឿនលើសការស្មាន។ បច្ចុប្បន្នអាមេរិកកំពុងតែស្វែងរកវិធីដោះស្រាយបញ្ហា ដែលគេចមិនផុតទេចំពោះការបន្តអំពាវនាវឲ្យចិន និងរុស្ស៊ីជួយ ខណៈដែលទណ្ឌកម្ម និងសំពាធផ្សេងៗទៀតកន្លងមកនេះ បានក្លាយជាផ្សែងរសាត់តាមខ្យល់បាត់ទៅហើយ សម្រាប់ទីក្រុងព្យុងយ៉ាង៕