(ប៊ែរឡាំង)៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី គឺជាការរំលោភលើច្បាប់អន្តរជាតិ ក៏ដូចជានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននៅអឺរ៉ុប ដូច្នេះគណៈកម្មាការអឺរ៉ុបគួរតែ
ពិចារណាលើការចាត់វិធានការទប់ទល់។ នេះបើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោកស្រី Brigitte Zypries ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោកស្រី Brigitte Zypries ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Funke Mediengruppe និងនៅចំពេលសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងមានជម្លោះ ការទូតនឹងគ្នាកាន់តែខ្លាំងក្រោយទីក្រុងមូស្គូ សម្រេចចិត្តបណ្ដេញមន្ត្រីទូតអាមេរិក៧៥៥នាក់ ចេញពីប្រទេសជាការសងសឹកទៅនឹងការអនុម័តលើទណ្ឌកម្មប្រឆាំងរុស្ស៊ី ពីសំណាក់ សភានិងព្រឹទ្ធសភាអាមេរិក។ លោកស្រី Brigitte Zypries បានលើកឡើងនៅក្នុងបទសម្ភាសន៍នោះដូច្នេះថា៖ «យើងចាត់ទុកថានេះ (ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក) គឺរំលោភលើច្បាប់ អន្តរជាតិ...ហើយយើងមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មស្អីនោះទេ ក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ដែលគណៈកម្មាការអឺរ៉ុប គួរតែចាត់វិធានការទប់ទល់»។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងអ្នកជំនួញធំៗជាច្រើន បាននិយាយថា ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីអនុម័តដោយសភា និងព្រឹទ្ធសភាអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុននេះ នឹងធ្វើបង្កជា ផលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្ដាក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងការរកស៊ីលើបំពង់បង្ហូរឧស្ម័នជាមួយរុស្ស៊ី៕