(ការ៉ាកាស់)៖ បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង និងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ នៅទីបំផុត សភាធម្មនុញ្ញថ្មីមួយនឹងត្រូវបង្កើតឡើងតាមការចង់បានរបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីលោកបានអះអាងពីជ័យជម្នះក្នុងការបោះឆ្នោត ដោយគ្មានបក្សប្រឆាំង។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភខ្លាចក្រែងថាជ័យជម្នះនេះនឹង នាំឱ្យប្រទេសវេណេស៊ុយអេឡាធ្លាក់ចូលក្នុងភាពវឹកវរកាន់តែខ្លាំង ឬក៏អាចនឹងប្រឈមមុខនឹងសង្គ្រាមស៊ីវិលក៏ថាបាន ខណៈបក្សប្រឆាំងអំពាវនាវឱ្យប្រជាជនចូលបាតុកម្មតវ៉ាជាថ្មីនៅថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រជាជនវេណេស៊ុយអេឡា ៤១.៥ភាគរយ ឬ៨លាននាក់ បានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ជ្រើសរើសសមាជិកសភាធម្មនុញ្ញថ្មីទំាង ៥៤៥នាក់ ដែលលោក ម៉ាឌូរ៉ូ ធ្លាប់អះអាងថាអាចនឹងនាំយកសន្តិភាពត្រឡប់មកវិញ បើទោះជាគណបក្សប្រឆាំង មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះក៏ដោយ។ សម្រាប់គណបក្ស ប្រឆាំង ការបោះឆ្នោតនេះគ្រាន់តែជាមធ្យោបាយមួយដែលលោកម៉ាឌូរ៉ូ ប្រើប្រាស់ដើម្បីរក្សាអំណាច និងការពារផលប្រយោជន៍បក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ហើយនៅពេលសភាធម្មនុញ្ញត្រូវ បានបង្កើតឡើង នោះលោកម៉ាឌូរ៉ូ នឹងរំលាយសភាគ្រប់គ្រងដោយបក្សប្រឆាំងចោល, ពន្យាពេលការបោះឆ្នោត ព្រមទំាងតាក់តែងច្បាប់ការពារអំណាចរបស់ខ្លួនផងដែរ។ ការលើកឡើង បែបនេះ មិនខុសនោះទេ ពីព្រោះគ្រាន់តែសភាធម្មនុញ្ញបានជាប់ឆ្នោតភ្លាម លោក ម៉ាឌូរ៉ូ បានបង្ហាញពីបំណងឱ្យសភាធម្មនុញ្ញ ដកអភ័យឯកសិទ្ធិរបស់សមាជិកសភាពបក្សប្រឆាំងមួយចំនួន ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ នូវអី្វដែលលោកផ្ទាល់ចោទថាតំណាងរាស្រ្ដបក្សប្រឆាំង បានព្យាយាមធ្វើរដ្ឋប្រហារសភា និងញុះញង់ឱ្យមានបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅ ទូទំាងប្រទេស។
គួរបញ្ជាក់ថា នៅក្នុងបាតុកម្មតវ៉ា អស់រយៈពេលជាង០៤ខែមកនេះ មនុស្សយ៉ាងហោចណាស់១២០នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះមនុស្ស១០នាក់ បានបាត់បង់ជីវិត នៅអំឡុង បាតុកម្មតវ៉ាប្រឆាំងការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ៕