(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបាននិយាយថា ខ្លួនបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង ១,៥០០ គីឡូក្រាម ហើយដែលនេះគឺជាការរឹបអូសគ្រឿងញៀនធំបំផុត នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌានាសម័យថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យឆ្មាំសមុទ្រឥណ្ឌា នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនមានទម្ងន់ជាង ១,៥០០គីឡូក្រាម ឬមានតម្លៃស្មើនឹង ៥៤៥លានដុល្លារ ត្រូវបានគេរកឃើញនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងកាលពីថ្ងៃអាទិត្យ នៅឯឆ្នេរភាគខាងលិចនៃរដ្ឋ Gujarat»។ ឆ្មាំសមុទ្រឥណ្ឌាបានឱ្យដឹងទៀតថា កាប៉ាល់មួយគ្រឿងនេះបានចុះបញ្ជីក្នុងប្រទេសប៉ាណាម៉ា ហើយបានធ្វើដំណើរចេញពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកឥណ្ឌា បន្ទាប់ពីវាបានធ្វើដំណើរអស់រយៈពេល ០៣ថ្ងៃ កន្លងទៅនេះ។
គួរបញ្ជាក់ថា កប៉ាល់ខាងលើមានក្រុមនាវិក ០៨នាក់ ប៉ុន្តែមកទល់ពេលនេះពុំទាន់មានសេចក្ដីរាយការណ៍ពីការចាប់ខ្លួនមនុស្សណាម្នាក់នោះទេ។ ដោយឡែកបើតាមច្បាប់ឥណ្ឌា អ្នករត់ ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន អាចនឹងត្រូវផ្ដន្ទាទោសអប្បបរមាឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ៕