(ប៉េកាំង)៖ ចិនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនគួរយករឿងពាណិជ្ជកម្ម មកចូលពាក់ព័ន្ធក្នុងការពិភាក្សាអំពីកម្មវិធី មីស៊ីល-នុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានធ្វើសកម្មភាពអ្វីទាំងអស់ ចំពោះទីក្រុងព្យុងយ៉ាង ទោះបីជាបានចំណេញលុយកប់ៗពីការធ្វើមុខជំនួញជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Qian Keming បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងជឿជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងវិស័យពាណិជ្ជកម្មចិន-អាមេរិក គឺជារឿងពីរដែលមានភាពខុសស្រឡះពីគ្នាទាំងស្រុង ហើយពុំមានចំណងទាក់ទងអ្វីបន្តិចឡើយ និងមិនគួរលើកយកមកពិភាក្សារួមគ្នានោះទេ»។
គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីបសាជាថ្មីម្តងទៀត ក្នុងរយៈពេលមិនដល់មួយខែផងនោះ បន្ទាប់ពីការសាកល្បងមីស៊ីល ICBM លើកទីមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា «ខ្ញុំខកចិត្តជាខ្លាំងចំពោះចិន។ អតីតបណ្តាមេដឹកនាំដ៏ឆោតល្ងង់របស់យើង បានអនុញ្ញាតឲ្យពួកគេ (ចិន) កើបលុយរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ ពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តែផ្ទុយទៅវិញពួកគេ ពុំបានធ្វើក៏ដូចជាជួយអ្វីទាំងអស់ សម្រាប់ពួកយើងជុំវិញបញ្ហាកូរ៉េខាងជើង គឺបានត្រឹមតែនិយាយស្តីបង្ហើរចោលតែប៉ុណ្ណោះ៕