(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានសម្ដែងការសោកស្ដាយយ៉ាងខ្លំាង ចំពោះអ្វីដែលលោកផ្ទាល់ជឿថា ចិននៅតែស្ទាក់ស្ទើរ និងមិនបានធ្វើអ្វីទាល់ តែសោះដើម្បីជួយសហរដ្ឋអាមេរិក ទប់ស្កាត់ការបង្ករឿងរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទី០២នៅក្នុងខែកក្កដានេះ ហើយបានទទួលជោគជ័យថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងប្រអប់បញ្ចេញមតិលើ Twitter លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ចំពោះចិន។ មេដឹកនាំល្ងង់ខ្លៅរបស់យើងមុនៗ បានបណ្ដោយឱ្យចិន រកប្រាប់ចំណេញរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការធ្វើពាណិជ្ជកម្ម (ជាមួយសហរដ្ឋអាមេរិក) ប៉ុន្តែពួកគេមិនបានធ្វើអ្វីទាល់តែសោះសម្រាប់ពួកយើង ជាមួយកូរ៉េខាងជើង បានតែនិយាយប៉ុណ្ណោះ... ហើយយើងនឹងមិនឱ្យរឿងបែបនេះកើតឡើងតទៅទៀតនោះទេ... ចិនអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយស្រួល»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទី០២ ដោយគ្រាប់មីស៊ីលនេះ អាចហោះបានចំងាយ ៩៩៨គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិងកំពុងស្វែងរកដំណោះស្រាយលើការធ្វើតេស្ដមីស៊ីល ICBM កាលពីថ្ងៃទី០៤ ខែកក្កដាមិនទាន់រួចរាល់នៅឡើយ៕