(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះបាននិយាយថា ទីក្រុងប៉េកាំងមានសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាប្រជាជនកូរ៉េខាងជើងមួយចំនួន ដែលរត់ចូលមកក្នុងទឹកដីចិនដោយ ខុសច្បាប់ ហើយថែមទំាងចាត់ទុកដែរថា អ្នកចូលក្នុងទឹកដីចិនដោយខុសច្បាប់មិនមែនជាជនភៀសខ្លួនឡើយ ដែលត្រូវទទួលបានការថែទាំ ទៅតាមច្បាប់អន្តរជាតិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង បានព្រមានពីការកើនឡើងនៃចំនួនជន ភៀសខ្លួនកូរ៉េខាងជើងត្រូវបានអាជ្ញាធរចិនចាប់បញ្ជូនត្រឡប់មកកូរ៉េខាងជើងវិញ។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជនកូរ៉េខាងជើងដែលរត់ចូលមកក្នុងទឹកដីចិនដោយខុសច្បាប់ មិនអាចត្រូវបានចាត់ទុកថាជាជនភៀសខ្លួននោះទេ ពីព្រោះពួកគេបានរំលោភលើច្បាប់របស់ចិន... ហើយទីក្រុងប៉េកាំង មានសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាទំាងនេះ ផ្អែកលើច្បាប់របស់ប្រទេស និងគោលការណ៍មនុស្សធម៌ ប៉ុន្តែទន្ទឹមគ្នាយើងក៏ជំរុញផងដែរ ឱ្យអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្ស គោរពការអនុវត្តន៍ច្បាប់របស់អាជ្ញាធរចិន»។
គួរបញ្ជាក់ថា បញ្ហាជនភៀសខ្លួនកូរ៉េខាងជើង គឺជាក្តីកង្វល់មួយដ៏ធំរបស់រដ្ឋាភិបាលចិន ដែលជាខ្នងបង្អែកដ៏ធំសម្រាប់របបដឹកនាំទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែបច្ចុប្បន្នដោយសារតែទណ្ឌកម្ម សេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ និងបញ្ហាគ្រោះធម្មជាតិ បានបង្ខំឱ្យប្រជាជនកូរ៉េខាងជើង កាន់តែច្រើនឡើងរត់ឆ្លងដែនចូលមកក្នុងទឹកដីចិន ដោយសង្ឃឹមថា ពួកគេអាចនឹងសាងជីវិតថ្មីរបស់ពួកគេ ក៏ប៉ុន្តែអាជ្ញាធរចិនតែងតែចាប់បញ្ជូនពួកគេទៅវិញ៕