(ការ៉ាកាស់)៖ ការបោះឆ្នោតតែងតាំងសមាជិកសភាធម្មនុញ្ញ ដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡា នៅថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) បានប្រព្រឹត្តទៅក្រោមអំពើហិង្សាយ៉ាងជោគជាំ នៅក្នុងបាតុកម្មតវ៉ារបស់គណបក្សប្រឆាំងនៅទូទំាងប្រទេស ដោយបានបណ្ដាលឱ្យមនុស្ស ១០នាក់ បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នៅក្នុងចំណោម អ្នកស្លាប់ទំាង១០នាក់នេះ មានមេដឹកនាំយុវជនគណបក្សប្រឆាំងម្នាក់ បេក្ខជនគាំទ្ររដ្ឋាភិបាល, និងទាហានម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
សម្រាប់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ការបោះឆ្នោតសភាធម្មនុញ្ញនេះ ពិតជាមានសារៈសំខាន់ ហើយលោកថែមទាំងបានសន្យាដែរថា សភាធម្មនុញ្ញថ្មីនឹងនាំយកសន្តិភាពត្រឡប់មកវិញ បន្ទាប់ពីក្រុមគណបក្សប្រឆាំង បានដឹកនាំបាតុកម្មតវ៉ានៅទូទំាងប្រទេសអស់រយៈពេល ០៤ខែមកនេះ ដោយបង្កឱ្យមនុស្សច្រើនជាង ១១៥នាក់ បានបាត់បង់ជីវិត។ យ៉ាងណាក៏ដោយ ក្រុមប្រឆាំងបានពហិការមិនចូលរួមការបោះឆ្នោតនេះ ត្បិតពួកគេយល់ថា ការបោះឆ្នោតនេះគ្រាន់តែជាមធ្យោបាយមួយដែល លោក ម៉ាឌូរ៉ូ ប្រើប្រាស់ដើម្បីរក្សាអំណាច និងការពារផលប្រយោជន៍បក្ខពួក ខ្លួនឯងតែប៉ុណ្ណោះ។ ពោលគឺបើសិនជាសភាធម្មនុញ្ញ ត្រូវបានបង្កើតឡើង នោះលោក ម៉ាឌូរ៉ូ នឹងរំលាយសភាគ្រប់គ្រងដោយបក្សប្រឆាំងចោល, ពន្យាពេលការបោះឆ្នោត ព្រមទំាងតាក់តែងច្បាប់ការពារអំណាចរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលជាទីផ្សារប្រេងដ៏ធំរបស់វេណេស៊ុយអេឡា បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្ត្រីជាន់ខ្ពស់ ១៣រូប មកពីគណបក្សរបស់ ម៉ាឌូរ៉ូ។ ជាងនេះទៅ ទៀតទីក្រុងវ៉ាស៊ីនតោនសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ស្របពេលប្រទេសកូឡុំប៊ីបាននិយាយថា ពួកគេ ក៏នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ដែលនឹងត្រូវចេញផ្សាយនៅប៉ុន្មានម៉ោងខាងមុខនេះ៕