(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានឲ្យដឹងថា ខ្លួននឹង​មិនស្នើឲ្យមាន​ការកោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ ជុំវិញការធ្វើតេស្ត​មីស៊ីល​​ផ្លោង​របស់កូរ៉េខាងជើង កាលពីយប់​ថ្ងៃសុក្រ​សប្តាហ៍មុន ដោយសារ​តែវានឹងពុំអាចសម្រេច​ចេញជាលទ្ធផលផ្លែផ្កាអ្វីផ្សេង ដែលគួរឲ្យកត់​​សម្គាល់​ឡើយ​។ នេះបើតាម​ការដកស្រង់​ចេញពី សារព័ត៌មាន​អង់គ្លេស BBC News នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley បានលើកឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយថា ប្រទេស​កូរ៉េខាងជើង​បានស្ថិត​ក្រោម​ដំណោះស្រាយ និងទណ្ឌកម្ម​រាប់មិនអស់​របស់ក្រុមប្រឹក្សាសន្តិសុខ UN រួចទៅ​ហើយ ដែលរដ្ឋកុម្មុយនិស្ត​មួយនេះ បានមើលស្រាល​ហើយ​បំពាន​ដោយគ្មានញញឹត​កោត​ក្រែងអ្វី​បន្តិចសោះ។

លោកស្រី Haley បានថ្លែងថា «ដំណោះ​ស្រាយ UNSC ថ្មីមួយទៀត ដែលមិនបង្កើន​ការដាក់សម្ពាធ​អន្តរជាតិខ្លាំង ទៅលើប្រទេស​កូរ៉េខាងជើង គឺពុំមាន​តម្លៃនោះ​ឡើយ ហើយតាម​ធាតុជាក់ស្តែងវា​គឺកាន់តែអាក្រក់ ជាការដែល​មិនធ្វើអ្វីសោះ​ទៅទៀត ពីព្រោះវា​នឹងផ្ញើសារ​ទៅកាន់​ លោក គីម ជុងអ៊ុន ថា​សហគមន៍អន្តរជាតិ ពុំមានឆន្ទៈប្រាកដប្រជា ដើម្បីតទល់ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើងរូបនេះឡើយ»។ ​នាឱកាសនោះ លោកស្រីអគ្គរដ្ឋទូតអា​មេ​រិក ក៏បានទទូចជាថ្មីម្តងទៀត ទៅកាន់ចិនឲ្យគ្រប់គ្រងសកម្មភាព​របស់កូរ៉េខាងជើង​ផងដែរ ដោយ​លោកស្រី​បាន​និយាយថា «ចិនត្រូវតែ​សម្រេចថា តើ​ជាចុងក្រោយ​ខ្លួនគួរចាត់វិធានការ​ធ្ងន់ដ៏សំខាន់ ដើម្បីដោះស្រាយ​បញ្ហានេះ​ដែរ ឬយ៉ាងណា ខណៈពេលវេលា​សម្រាប់​ការចរចា បានឈាន​ដល់ទីបញ្ចប់​ហើយនោះ»

គួរបញ្ជាក់ថា កាលពី​កណ្តាលយប់​ថ្ងៃសុក្រសប្តាហ៍មុន កូរ៉េខាងជើង​បានធ្វើតេស្តបាញ់​សាកល្បង មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM ចំនួនមួយគ្រាប់​ជា​លើក​​ទី​ពីរ​ដោយ​ជោគជ័យ ពោលគឺបីសប្តាហ៍​ក្រោយពី​ការធ្វើតេស្ត ICBM លើកទីមួយ​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង៕