(រ៉ង់ហ្គូន)៖ ចាប់តាំងតែពីជំងឺផ្តាសាយជ្រូក A/H1N1 បានផ្ទុះឡើងកាលពីប៉ុន្មានថ្ងៃមុនមក នៅក្នុងទីក្រុងរ៉ង់ហ្គូន មនុស្សចំនួន ១០នាក់ហើយបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលមីយ៉ាន់ម៉ា កំពុងតែបង្កើតកម្មវិធីសុខាភិបាលមួយ ដែលផ្អែកទៅលើការវិភាគរបស់ក្រុមអ្នកជំនាញ ទៅលើករណីឆ្លងទាំងនេះ ហើយបានអំពាវនាវឲ្យមានការតាមដានយ៉ាងដិតដល់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះអំពីសេចក្តីណែនាំ ក៏ដូចជាសេចក្តីប្រកាសរបស់ខ្លួន ដើម្បីគ្រប់គ្រងទប់ស្កាត់អត្រានៃការឆ្លងជំងឺនេះ។
ជាមួយគ្នានេះ អាជ្ញាធរមីយ៉ាន់ម៉ាក៏បានសម្រេចផ្អាកគម្រោង នៃការប្រារព្ធពិធីបុណ្យសាសនា ដ៏មានប្រជាប្រិយមួយមានឈ្មោះថា Taung Byone ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី០៧ ខែសីហាផងដែរ រហូតទាល់តែជម្ងឺគ្រុនផ្តាសាយជ្រូកនេះស្ថិតក្រោមការគ្រប់គ្រង ដោយសារតែជាទូទៅមនុស្សប្រមាណ ១០០,០០០នាក់ តែងតែមកចូលរួមកម្សាន្តក្នុងពិធីបុណ្យនេះ ដែលបង្កឲ្យមានក្តីព្រួយបារម្ភខ្លាំង សម្រាប់ការប្រមូលផ្តុំក៏ដូចជាជួបជុំនៃហ្វូងមនុស្សដ៏ច្រើនកុះករបែបនេះ ស្របពេលដែលជំងឺ H1N1 កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងចំណោមនុស្ស។
គួរបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ទាំង ១០នាក់ខាងលើ គឺស្ថិតក្នុងចំណោមអ្នកជំងឺសរុបចំនួន ៤៤នាក់ ដែលជាប់សង្ស័យថា មានផ្ទុកវីរុសដ៏កាចសាហាវនេះ និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា៕