(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវប្រព័ន្ធខែលការពារមីស៊ីល THAAD ខណៈភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ កាន់តែកើនឡើងដោយសារតែកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ការធ្វើតេស្ដប្រព័ន្ធមីស៊ីល THAAD ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកទី០២នៅក្នុងខែកក្កដានេះ ដោយអ្នកជំនាញខ្លះយល់ថា មីស៊ីលនេះអាចបាញ់ដល់ទឹកដីអាមេរិក បើសិនជាវាត្រូវបានគេបាញ់ចេញពីជើងទម្រស្ដង់ដារ។ ដោយឡែកជាការឆ្លើយតប ទីភ្នាក់ងារប្រព័ន្ធការពារមីស៊ីលអាមេរិក បានបញ្ជាក់នៅ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា «កងកម្លាំងទ័ពអាកាសអាមេរិក C-17 ប្រចាំតំបន់ប៉ាស៊ីហ្វិក បានបាញ់មីស៊ីលរយៈចំងាយមធ្យម (MRBM) មួយគ្រាប់ ហើយបន្ទាប់មកប្រព័ន្ធស្ទាក់ចាប់មីស៊ីល THAAD នៅឯរដ្ឋ Alaska ចាប់បានសញ្ញាណ និងកម្ទេចគ្រាប់មីស៊ីលនេះដោយជោគជ័យ»។
គួរបញ្ជាក់ថា ការតម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូងត្រូវបានចិន និងរុស្ស៊ីជំទាស់យ៉ាងជាដាច់ខាត ដោយអះអាងថា វាធ្វើឱ្យប៉ះពាល់ដល់សនិ្តជាតិរបស់ពួកគេ ហើយមានតែធ្វើឱ្យទីក្រុងព្យុងយ៉ាង មានលេសបាញ់សាកល្បងមីស៊ីលប៉ុណ្ណោះ។ ជាងនេះទៅទៀត ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ក៏បានព្រមានដែរថា នឹងចាត់វិធានការឆ្លើយតប នឹងប្រព័ន្ធខែលការពារមីស៊ីលនេះ ដើម្បីការពារផលប្រយោជន៍ និងតុល្យភាពនៅក្នុងតំបន់៕