(សេអ៊ូល)៖ កូរ៉េខាងជើងបានរៀបចំពិធីជប់លៀងមួយ អបអរសាទរការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM Hwasong-14 ដោយជោគជ័យជាលើកទី០២ នៅក្នុងខែកក្កដានេះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាម KCNA ពិធីជប់លៀងនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការយោធាមជ្ឈិមនៃបក្សពលករកូរ៉េ នៅឯទីក្រុងព្យុងយ៉ាង ក្រោមការចូលរួមដោយផ្ទាល់ពី លោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី Ri Sol-ju។ ថ្លែងនាឱកាសនោះដែរ អនុប្រធានគណៈកម្មធិការមជ្ឈិមបក្សពលករ លោក Ri Man-gon ក៏បានលើកឡើងដែរថា «ការបាញ់សាកល្បងជោគជ័យដ៏អស្ចារ្យជាលើកទី០២ នូវមីស៊ីល Hwasong-14... បានបង្កើតហេដ្ឋរចនាសម្ព័ន្ធពិភពលោកថ្មីមួយសម្រាប់កូរ៉េខាងជើង»។
គួររំលឹកថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសពីជោគជ័យនូវការបាញ់សាកល្បងមីស៊ីល ICBM Hwasong-14 កាលពីយប់ថ្ងៃសុក្រ ក្រោមការបង្គាប់បញ្ជាពីសំណាក់ លោក គីម ជុនអ៊ុន។ មីស៊ីលនេះរត់បានចម្ងាយ ៩៩៨គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណ ៤៧នាទី មុនធ្លាក់ចូលសមុទ្រជប៉ុន ក្រោយពីវាបានឡើងដល់កម្ពស់ជាអតិបរមា ៣,៧២៤.៩គីឡូម៉ែត្រ៕