(សេអ៊ូល)៖ ប្រឈមមុខនឹងការរីកចំរើនទៅមុខ នៃបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង ក្រុមអ្នកជំនាញមួយចំនួន នៅក្នុងប្រទេសកូរ៉េខាងត្បូងយល់ថា ទីក្រុងសេអ៊ូលត្រូវការជាចំាបាច់អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីកំញើញ និងទុកទប់ទល់នឹងការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ ការយល់បែបនេះកើតមានឡើងនៅចំពេលគេមើលឃើញថា កូរ៉េខាងត្បូងបាន និងកំពុងបង្កើនចំនួន និងអភិវឌ្ឍន៍សមត្ថភាពមីស៊ីលផ្លោងរបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាង ចេះតែបាញ់សាកល្បងមីស៊ីលផ្លោងឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមកាសែត New York Times កាលពីថ្ងៃសៅរ៍ម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានទាក់ទងជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster ក្នុងគោលបំណងជំរុញឱ្យមានការចាប់ផ្ដើមកិច្ចពិភាក្សា រវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលអាចនឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូង បង្កើនក៏ដូចជាអភិវឌ្ឍន៍គ្រាប់មីស៊ីលផ្លោង ហើយ បើតាមកាសែតអាមេរិកនេះដដែល លោក McMaster ក៏បានយល់ស្របនឹងគំនិតនេះដែរ។
តែទោះជាយ៉ាងនេះក្ដី បើតាមកិច្ចព្រមព្រៀងទ្វេភាគី រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១២ ទាល់តែមានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនជាមុនសិន ទើបកូរ៉េខាងត្បូងអាចបង្កើនចំនួនគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់ខ្លួនបាន។ ចំណែកឯក្រុមអ្នកជំនាញ កូរ៉េខាងត្បូងមួយចំនួនយល់ផ្សេងពីនេះ ដោយពួកគេគិតថា ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD មិនទាន់គ្រប់គ្រាន់អាចការពារកូរ៉េខាងត្បូងនោះទេ។ ដូច្នេះចង់ ឬមិនចង់នៅក្នុងបរិបទដែលកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងកាន់តែរីកចំរើនទៅមុខទីក្រុងសេអ៊ូល មិនអាចផ្ដេកផ្ដួលតែទៅលើសហរដ្ឋអាមេរិកឡើយ ពោលគឺត្រូវតែមានអាវុធនុយក្លេអ៊ែរ ផ្ទាល់ខ្លួនដើម្បីកំញើញ និងទុកការពារខ្លួន បើសិនជាកូរ៉េខាងជើងប្រកាសធ្វើសង្រ្គាមនៅថ្ងៃណាមួយ បើទោះជាលោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ការពារខ្លួនឯង និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ក៏ដោយ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសពីជោគជ័យនូវការបាញ់សាកល្បងមីស៊ីល ICBM Hwasong-14 កាលពីយប់ថ្ងៃ សុក្រក្រោមការបង្គាប់បញ្ជាពីសំណាក់ លោក គីម ជុនអ៊ុន។ មីស៊ីលនេះរត់បានចម្ងាយ ៩៩៨គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណ ៤៧នាទីមុនធ្លាក់ចូលសមុទ្រជប៉ុន ក្រោយពីវាបានឡើងដល់កម្ពស់ជាអតិបរមា ៣,៧២៤.៩គីឡូម៉ែត្រ៕