(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ទីបំផុតបានប្រកាសថា សហរដ្ឋអាមេរិកត្រូវតែកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីចំនួន ៧៥៥នាក់ ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញាខាងមុខ ជាការឆ្លើយតបទៅវិញចំពោះទណ្ឌកម្មថ្មី ដែលត្រូវបានអនុម័តដោយសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
លោក ពូទីន បានថ្លែងក្នុងបទសម្ភាស៍មួយជាមួយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី Vesti TV ដែលចេញផ្សាយនាថ្ងៃអាទិត្យកន្លងទៅថា សហរដ្ឋអាមេរិកនឹងត្រូវតែធ្វើការ កាត់បន្ថយបុគ្គលិកទាំងផ្នែកការទូត រួមទាំងបច្ចេកទេសក្នុងចំនួន ៧៥៥នាក់ ឲ្យបានមុនថ្ងៃទី០១ ខែកញ្ញាខាងមុខ។ លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា «ដោយសារតែមនុស្សជាង ១,០០០នាក់ រួមមានបុគ្គលិកផ្នែកកការទូត និងបច្ចេកទេសកំពុងតែបម្រើការងារនៅក្នុងប្រទេសរុស្ស៊ី បុគ្គលិក ៧៥៥នាក់ ក្នុងចំណោមនោះ ត្រូវតែបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងសហព័ន្ធរុស្ស៊ី»។ ប្រការនេះនឹងធ្វើឲ្យចំនួនបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូនៅសល់ប្រមាណ ៤៥៥នាក់ ដូចគ្នាទៅនឹងចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីប្រចាំនៅឯទីក្រុងវ៉ាស៊ីនតោនដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្គាប់ឲ្យអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតរបស់ខ្លួនខ្ទង់រយនាក់ តែពុំបានបញ្ជាក់ពីចំនួនជាក់លាក់ពិតប្រាកដនោះឡើយ និងបានឲ្យដឹងទៀតថា ខ្លួននឹងរឹបអូសអចលនទ្រព្យចំនួនពីរកន្លែងថែមទៀត ដែលជាសកម្មសិទ្ធិរបស់ស្ថានទូតអាមេរិក បន្ទាប់ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក បានអនុម័តគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាង ស្តីពីការដាក់ទណ្ឌកម្មបន្ថែមថ្មីលើរុស្ស៊ី។ ម៉្យាងវិញទៀតនោះ សេតវិមានបានបង្ហើបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាអនុញ្ញាតលើសេចក្តីព្រាងនេះ។
គួរបញ្ជាក់ថា ទណ្ឌកម្មខាងលើ គឺស្ថិតក្រោមក្របខណ្ឌនៃវិធានការឆ្លើយតប ចំពោះការសន្និដ្ឋានរបស់បណ្តាសហគមន៍ស៊ើបការណ៍សម្ងាត់ នៃសហរដ្ឋអាមេរិកដែលថា រុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ និងជាការដាក់ពិន័យថែមទៀត សម្រាប់ការដណ្តើមតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕