(សេអ៊ូល)៖ សហរដ្ឋអាមេរិក បានបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែក B-1B ពីលើដែនដីនៃឧបទ្វីបកូរ៉េ ក្នុងពេលបង្ហាញពីសមត្ថភាពយោធារបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ទើបតែបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) កាលពីពេលថ្មីៗកន្លងទៅនេះ នេះបើយោងតាមប្រភពពីកងទ័ព អាកាសអាមេរិក និងកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ។
យន្តហោះ B-1B បានហោះហើរដើម្បីជាការឆ្លើយតបដោយផ្ទាល់ ទៅលើការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីៗនេះ និងការបាញ់សាកល្បងគ្រាប់រ៉ុកកែត Hwansong-14 កាលពីថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ នេះបើយោងតាមថ្លែងការណ៍របស់សហរដ្ឋអាមេរិក។ កងទ័ពអាកាសកូរ៉េខាងត្បូងបានលើកឡើងថា យន្តហោះនេះបានហោះហើរនៅថ្ងៃអាទិត្យតាំងពីពេលព្រឹកព្រលឹម។
ថ្មីៗនេះប្រទេស កូរ៉េខាងជើង បានលើកឡើងថា ខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ទៀត ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារដែនដីអាមេរិក និងជាការព្រមានដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ៕