(វ៉ាស៊ីនតោន)៖ ថ្មីៗនេះសារព័ត៌មានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ក្នុងការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។ បញ្ហានេះ បានបង្កឱ្យរុស្ស៊ីមានការក្តៅក្រហាយជាខ្លាំង ព្រមទាំងបានសងសឹកឱ្យអាមេរិកកាត់បន្ថយចំនួន មន្ត្រីទូតពីស្ថានទូតអាមេរិក ក្នុងប្រទេសរុស្ស៊ី។ សូមជម្រាបថា មិនមែនមានតែបីប្រទេសនោះទេ ដែលស្ថិតក្រោមការដាក់ទណ្ឌកម្មពីប្រទេសមហាអំណាចមួយនេះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១៩ ដែលរងការដាក់សម្ពាធពីអាមេរិក៖
១៖ ប្រទេសកូរ៉េខាងជើង៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដំបូងបំផុតទៅលើប្រទេស កូរ៉េខាងជើងតាំងពីឆ្នាំ១៩៥០ នៅពេលសហរដ្ឋអាមេរិក លូកដៃក្នុងសង្គ្រាមកូរ៉េ។ ការដាក់ទណ្ឌកម្មនេះ មានបំណងចង់ធ្វើឱ្យសម្ព័ន្ធមិត្តរបស់សហភាពសូវៀតទន់ខ្សោយ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើកូរ៉េខាងជើង។
២៖ ប្រទេសគុយបា៖ សហរដ្ឋអាមេរិកធ្លាប់ដាក់ទណ្ឌកម្មទៅលើគុយបាអស់រយៈពេល៥០ឆ្នាំ ដោយលោក Fidel Castro ត្រូវបានជ្រើសរើសជា នាយករដ្ឋមន្ត្រីតំបូងរបស់ប្រទេសគុយបាក្នុងឆ្នាំ១៩៥៩ ហើយបានសម្រេចចិត្តមិនធ្វើទៅតាមបំណងរបស់អាមេរិក។ ទំនាក់ទំនងរវាងអាមេរិក និងគុយបា បានប្រសើរបន្តិចក្នុងសម័យលោក Obama តែបែរជាយ៉ាប់យឺនវិញបន្ទាប់សហរដ្ឋអាមេរិកសិ្ថតក្រោមការគ្រប់គ្រងរបស់លោក Donald Trump។
៣៖ ប្រទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកបានដឹកនាំសហគមន៍អន្តរជាតិឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេស អ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩។ ក្នុងការដាក់ទណ្ឌកម្មនោះ សហរដ្ឋអាមេរិកបានគាបសង្កត់អ៊ីរ៉ង់ទៅលើផ្នែកទ្រព្យសម្បត្តិផ្សេងៗរបស់ប្រទេសមួយនេះ។
៤៖ ប្រទេសអ៊ីរ៉ាក់៖ ជាការឆ្លើយតបនឹងអ៊ីរ៉ាក់ដែលឈ្លានពានប្រទេសគុយវ៉ែតក្នុងថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩០ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដូចជា ហាមឃាត់ការនាំចូលទំនិញទៅសហរដ្ឋអាមេរិក ព្រមទាំងបង្ខាំងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលអ៊ីរ៉ា់ក់ដែលនៅក្នុងទឹកដីអាមេរិក។
៥៖ ប្រទេសភូមា៖ ការដាក់ទណ្ឌកម្មទៅលើប្រទេស ភូមាចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ១៩៩៧មកម្ល៉េះ។ ប៉ុន្តែនៅខែឧសភា ឆ្នាំ២០១២ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា កាត់បន្ថយការដាក់ទណ្ឌកម្មទៅលើហិរញ្ញវត្ថុ និងវិនិយោគទុនភូមា ដោយសារការធ្វើកំណែទម្រង់ថ្មីរបស់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ។
៦៖ ប្រទេសហ្ស៊ីមបាវេ៖ រដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាល ហ្ស៊ីមបាវេតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយមានគោលដៅដាក់ទណ្ឌកម្មទៅលើមន្ត្រី និងប្រជាជាតិអាហ្វ្រិកនេះទាំងមូល ដោយសារការបំពានលទ្ធិប្រជាធិបតេយ្យ។
៧៖ ប្រទេសយូហ្គោស្លាវី៖ ក្នុងអំឡុងនៃសង្គ្រាមនៅ Balkans ឆ្នាំ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌម្មទៅលើប្រទេសនេះ។ ឆ្នាំ១៩៩៨ សហរដ្ឋអាមេរិកបានបន្តរឹងបន្តឹងទណ្ឌកម្មនេះបន្ថែមទៀត ដោយការរឹតបន្តឹងទៅលើមន្ត្រីរដ្ឋាភិបាល។
៨៖ ប្រទេសបេឡារ៉ូស៖ ក្នុងឆ្នាំ២០០៤ សភាអាមេរិកបានដាក់ចេញនូវច្បាប់មួយផ្តោតទៅលើលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបេឡារ៉ូស ដែលទាមទារឱ្យ ប្រទេសនេះផ្តល់ឱ្យអាមេរិកនូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទិញអាវុធ និងបច្ចេកវិទ្យាផ្សេងៗ។
៩៖ ប្រទេសស៊ីរី៖ ការដាក់ទណ្ឌកម្មទៅលើប្រទេស ស៊ីរី ត្រូវបានធ្វើឡើងដោយចោទប្រទេសនេះថាបានឧបត្ថម្ភទៅលើអង្គការភេរវកម្ម និងបណ្តាមន្ត្រីដែលចូលរួម ក្នុងការវាយកាន់កាប់ទៅលើប្រទេស លីបង់។
១០៖ ប្រទេសស៊ូដង់៖ ក្រុមហ៊ុនសូដង់ប្រហែល៣០ក្រុមហ៊ុន ត្រូវបានរារាំងមិនឱ្យធ្វើទំនាក់ទំនងពាណិជកម្មជាមួយសហរដ្ឋអាមេរិកឡើយ ហើយទ្រព្យសម្បត្តិរបស់ពួកគេនៅអាមេរិក ត្រូវបានមហាអំណាចមួយនេះបង្ខាំងទុករហូតដល់ឆ្នាំ២០០៧។
១១៖ ប្រទេសសូម៉ាលី៖ ការដាក់ទណ្ឌកម្មទៅលើប្រទេស សូម៉ាលី មានគោលដៅប្រឆាំងក្រុមអ៊ីស្លាមជ្រុលនិយម al-Shabab ដែលបានឡើងកាន់ អំណាចក្នុងប្រទេសសូម៉ាលីដែលជាលទ្ធផលបណ្តាលមកពីអាមេរិកបង្កអស្ថិរភាព និងផ្តួលរំលំរដ្ឋាភិបាលចាស់។
១២៖ ប្រទេសលីប៊ី៖ ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទណ្ឌកម្មលើការធ្វើពាណិជ្ចកម្ម និងហិរញ្ញវត្ថុប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកMoammar Gadhafi ក្នុងបំណងចង់ទមា្លក់រដ្ឋាភិបាលមួយនេះ។
១៣៖ ប្រទេស កូតឌីវ័រ៖ ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆំាងនឹងប្រធានាធិបតី Laurent Gbagbo និងភរិយារបស់លោក ព្រមទាំងអ្នកក្រោមបង្គាប់ ដោយសារការលុបចោលការបោះឆ្នោត និងការបំពានសិទ្ធមនុស្ស។
១៤៖ ប្រទេស លីបង់៖ ក្នុងឆ្នាំ២០១២ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលដែលមានសញ្ជាតិលីបង់មិនឱ្យចូលដែនដីអាមេរិក ហើយបង្ខាំងទ្រព្យសម្បត្តិរបស់ពួកគេដែលនៅលើទឹកដីរបស់ខ្លួន។
១៥៖ ប្រទេស អ៊ុយក្រែន៖ ក្នុងខែមីនា ឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីViktor Yanukovich និងអ្នកនយោបាយលោក Viktor Medvedchuk ដោយហាមឃាត់ពួកគេមិនឱ្យចូលក្នុងទឹកដីអាមេរិកឡើយ ព្រមទាំងបង្ខាំងទ្រព្យសម្បិត្តរបស់ពួកគេផងដែរ។
១៦៖ ប្រទេស យ៉េមែន៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលក្នុងឆ្នាំ២០១២ ក្នុងសម័យសង្គ្រាមស៊ីវិល។ ការដាក់ទណ្ឌកម្មនេះត្រូវបានគេរឹតបន្តឹងបន្ថែមក្នុងឆ្នាំ២០១៤។
១៧៖ ប្រទេស ស៊ូដង់ខាងត្បូង៖ ជាការឆ្លើយតបនឹងជម្លោះរវាងស៊ូដង់ខាងត្បូង និងក្រុមបះបោរ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ទៅលើបុគ្គលជាច្រើនរូបដែលពាក់ព័ន្ធនឹងជម្លោះក្នុងឆ្នាំ២០១៤។
១៨៖ ប្រទេស រុស្ស៊ី៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេស រុស្ស៊ីបន្ទាប់ពីមានរដ្ឋប្រហារកើតឡើងប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែន លោក Yanukovich ដែលគាំទ្រពីរុស្ស៊ី ចង់កាត់ផ្តាច់តំបន់គ្រីមៀក្លាយជាកម្មសិទ្ធរបស់រុស្ស៊ី។
១៩៖ ប្រទេស វេណាហ្ស៊ូអេឡា៖ ក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ប្រធានាធិបតីអាមេរិកលោក Obama បានចុះហត្ថលេខាទៅលើច្បាប់ក្នុងការដាក់ ទណ្ឌកម្មទៅលើប្រទេស វេណេហ្ស៊ូអេឡា ដែលការដាក់ទណ្ឌកម្មនេះមានដូចជា បង្ខាំងទ្រព្យសម្បត្តិ និងរារាំងទិដ្ឋការរបស់មន្ត្រីរដ្ឋាភិបាល នេះមិនឱ្យធ្វើដំណើរជាដើម៕