(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ភ្នំភ្លើង Sinabung នៅតំបន់ Karo ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង ភាគលិចនៃប្រទេសឥណ្ឌូណេស៊ី ជះកម្អែលផះរាប់ពាន់ម៉ែត្រ ទៅលើផ្ទៃអាកាស។
២៖ រយៈពេល០៧ខែ ក្រោយពីកងទ័ពស៊ីរីដណ្តើមកាន់កាប់ទីក្រុងអាឡេប៉ូ (Aleppo) ដែលមានភាគខាងកើត បានធ្លាក់ក្រោមកណ្តាប់ដៃរបស់ក្រុមឧទ្ទាម អស់រយៈពេលប្រមាណ០៥ឆ្នាំ យកមកវិញបានទាំងស្រុងនោះ ជីវិតរស់នៅរបស់ប្រជាជនស៊ីរីនៅក្នុងទីក្រុងនេះ បានចាប់ផ្តើមមានភាពរស់រវើកសាជាថ្មីបន្តិចម្តងៗ នៅតាមតំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញ។
៣៖ លោក Ren Biao ដែលជាជនល្មើសករណីពុករលួយ ដែលត្រូវសមត្ថកិច្ចតាមរកមុខនិងចាប់ខ្លួនបំផុត របស់ចិន បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ហើយចូលខ្លួនឲ្យប៉ូលិសចាប់តាមសម្រួល។
៤៖ កូរ៉េខាងជើង ចេញមុខប្រកាសជោគជ័យលើកទីពីរ នៃការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលបានបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ម្សិលមិញ។
៥៖ កូរ៉េខាងត្បូងនិងអាមេរិក ធ្វើតេស្តបាញ់គ្រាប់ពិត ចំពោះប្រព័ន្ធមីស៊ីលផ្លោង Hyunmoon II ដែលជារបស់ទីក្រុងសេអ៊ូល និងប្រព័ន្ធ ATACMS ដែលជារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងសមយុទ្ធយោធារួមរវាងប្រទេសទាំងពីរ បន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីលផ្លោង ICBM ដោយជោគជ័យជាលើកទីពីរកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។
៦៖ បន្ទាប់ពីកូរ៉េខាងជើងបាញ់ ធ្វើតេស្តមីស៊ីល ICBM ដោយជោគជ័យជាថ្មី ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យដាក់ពង្រាយប្រព័ន្ធ THAAD បន្ថែម០៤គ្រឿងទៀត៕