(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃសៅរ៍នេះ បានទទូចយ៉ាងខ្លាំងទៅកាន់ប្រទេសកូរ៉េខាងជើង រួមទាំងសហរដ្ឋអាមេរិក ឲ្យមានការគោរពចំពោះក្តីព្រួយបារម្ភរបស់ប្រទេសចិន ហើយបញ្ឈប់សកម្មភាពដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD របស់ពួកគេភ្លាមទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានធ្វើការអត្ថាធិប្បាយយ៉ាងខាងលើ ក្នុងការឆ្លើយតបចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចេញបញ្ជាឲ្យក្រុមមន្រ្តីរបស់លោក ធ្វើការពិភាក្សាក៏ដូចជាពិគ្រោះយោបល់ ជាមួយសមភាគីអាមេរិក អំពីការដាក់ពង្រាយប្រព័ន្ធ THAAD ចំនួន ០៤គ្រឿងថែមទៀត បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលផ្លោង សាជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ីន នាថ្ងៃសៅរ៍នេះ បានសម្រេចដាក់ចេញនូវសំណើស្តីពីវិធានការតបតធ្ងន់ៗមួយចំនួន ដើម្បីប្រឆាំងនឹងការធ្វើតេស្តមីស៊ីលផ្លោងទាំងកណ្តាលយប់ម្សិលមិញ របស់កូរ៉េខាងជើង ហើយក្នុងនោះក៏រួមមានទាំងការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួន ០៤គ្រឿងថែមទៀតផងដែរ ស្របពេលដែលពីរគ្រឿងកំពុងដំណើរការនាពេលបច្ចុប្បន្ន៕