(សេអ៊ូល)៖ ស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើងនាថ្ងៃសៅរ៍នេះ បានបញ្ចេញជាសាធារណៈនូវឃ្លីបវីដេអូមួយ បង្ហាញពីការធ្វើតេស្តបាញ់មីស៊ីលផ្លោង ICBM កាលពីយប់កណ្តាលអធ្រាតម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមឃ្លីបវីដេអូដែលមានរយៈពេល ០២នាទីកន្លះ គ្រាប់មីស៊ីល Hwasong-14 នោះ ត្រូវបានចល័តដោយប្រព័ន្ធដឹកជញ្ជូន និងដាក់បញ្ឈរ TEL មុនពេលវាត្រូវបានបាញ់បង្ហោះចេញពីជើងទម្រមួយផ្សេងទៀត។ មធ្យោបាយធ្វើតេស្តនេះ ស្រដៀងគ្នាទៅនឹងការធ្វើតេស្តមួយផ្សេងទៀត ដែលត្រូវបានបង្ហាញតាមរយៈកញ្ចក់ទូរទស្សន៍ដូចគ្នា កាលពីថ្ងៃទី០៥ ខែកក្កដា ពោលគឺមួយថ្ងៃក្រោយការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) លើកទីមួយរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងឃ្លីបវីដេអូខាងលើ ដែលចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍មជ្ឈិមកូរ៉េ ប្រព័ន្ធដឹកជញ្ជូន និងដាក់បញ្ឈរ TEL មួយគ្រឿង ដែលមានកង់ចំនួន ០៨ នៅសងខាងបានធ្វើដំណើរដោយសន្សឹមៗ ទៅដល់ជើងទម្រនាវេលារាត្រី ក្នុងទីតាំង Mupyong-ri នៃខេត្ត Jagang ភាគខាងជើងប្រទេសកូរ៉េខាងជើង ដោយមានដឹកមីស៊ីល Hwasong-14 ចំនួនមួយគ្រាប់នៅលើនោះ។ ក្រោយមកមីស៊ីលជាប្រភេទ ICBM នោះ ក៏ត្រូវបានផ្ទេរទៅលើជើងទម្រដែលរង់ចាំជាស្រេច ហើយបញ្ឈរឡើងទៅ សម្រាប់ត្រៀមបាញ់បង្ហោះ។
បន្ថែមពីនេះ ដូចទៅនឹងការធ្វើតេស្ត ICBM កាលពីដើមខែកក្កដានេះដែរ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា កំពុងចូលរួមត្រួតពិនិត្យតាមដានការរៀបចំ ក៏ដូចជាដំណើរការនៃការធ្វើតេស្តនេះនៅនឹងទីតាំងផ្ទាល់ ហើយកំពុងតែជជែកជាមួយក្រុមមន្រ្តីជំនិតៗរបស់លោកផងដែរ៕